ប៉ូលិសខេត្តសៀមរាបម្នាក់ ស្លាប់ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវក្រវ៉ាត់ក្រុងសៀមរាប
ខេត្តសៀមរាប៖ ប៉ូលិសខេត្តសៀមរាបម្នាក់ ស្លាប់ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១៦៖០៥នាទីរសៀល ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លេីតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង ទល់មុខស្ថានីយ៍ប្រេង ប៉ាប៉ាប្រេត្រូលែម (ចាស់) ស្ថិតនៅភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ជនរងគ្រោះមានឈ្មោះ ឃឹម គីរី ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរនគរបាលខេត្តសៀមរាប តួនាទីឋានៈជានាយរងការិយាល័យផ្សព្វផ្សាយ នៃស្នងការនគរបាលខេត្តសៀមរាប រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ មើលរូបភាពសពច្បាស់ៗចុចចូលគ្រុបតេឡេក្រាម 👉 t.me/siemreaptoday/20229
ប្រភពពីពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ថា៖ មានម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1Q-6651 បើកបរដោយឈ្មោះ ឃឹម គីរី មានទិសដៅពីកើតទៅលិច មកដល់ចំណុចផ្លូវកោង កន្លែងកើតហេតុខាងលើ បានប៉ះរថយន្តមួយគ្រឿង ម៉ាកហាយឡែនដឺ មិនស្គាល់ផ្លាកលេខ ដែលបើកបរមានទិសដៅពីលិចទៅកើត ក្នុងទិសដៅផ្ទុយគ្នា ហើយក៏បានរេចង្កូតដួលទៅខាងធ្វេងផ្លូវ ត្រូវរថយន្តដឹកទំនិញមួយគ្រឿងទៀត ម៉ាកហាន់ដាយ ៣.៥តោន ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-0420 បុកចំពីមុខរថយន្ត បានបណ្តាលឲ្យដួលបោកក្បាលនៅនិងថ្នល់បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ។ ប្រភពបានបន្តទៀតថា៖ រថយន្ត ហាយឡែនដឺ ក្រោយកើតហេតុបានរត់គេចទៅទិសខាងកើត ចំណែករថយន្តដឹកទំនិញ ឈប់នៅនឹងកន្លែង តែអ្នកបេីកបរបានរត់គេចខ្លួនបាត់ ។
ក្រោយពីកើតហេតុ កម្លាំងសមត្ថកិច្ចចរាចរណ៍ផ្លូវគោក បានចុះទៅដល់ទីតាំងកើតហេតុ បានវាស់វែងកត់កំណត់ហេតុ និងនាំយកវត្ថុតាងទាំងពីរយកទៅរក្សាទុកនៅស្នាក់ការរង់ចាំការដោះស្រាយតាមនីតិវិធី ។ ចំណែកសពជនរងគ្រោះ បានដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តអារញ្ញសាគរ ក្រុងសៀមរាប។