ខឹងរឿងទារប្រាក់ពីថ្លៃដឹកឈើ! បុរសម្នាក់ជាជនសង្ស័យ បាញ់អ្នកសារព័ត៌មានម្នាក់រងរបួសធ្ងន់នៅស្រុកជីក្រែង ពេលនេះត្រូវបានសមត្ថកិច្ច​នគរបាលខេត្តសៀមរាបចាប់ខ្លួនបានហើយ

ខេត្តសៀមរាប៖ សមត្ថកិច្ច​នគរបាលខេត្តសៀមរាប​ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណី​ប៉ុនប៉ងឃាតកម្មទៅលើអ្នកកាសែត គេហទំព័រអនឡាញ កម្ពុជាអភិវឌ្ឍន៏ ម្នាក់ បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ។

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ ចាត់មន្រ្តីក្រោមឱវាទ ដឹកនាំដោយលោកវរសេនីយ៍ឯក នួន ស័ក្តិចំរើនរិទ្ធ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ, លោកវរសេនីយ៍ឯក ឡាយ សុជីវ័ន្ត ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់, លោកវរសេនីយ៍ឯក សុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការនគរបាលស្រុកជីក្រែង បានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ ស៊ើបអង្កេត ជុំវិញករណីនេះ រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យបាន នៅវេលាម៉ោង១៦៖៤០នាទីរសៀល ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ។

ជនសង្ស័យមានឈ្មោះ សុី លឿយ ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា៖ រូបខ្លួនពិតជាបានធ្វើសកម្មភាពករណីខាងលើនេះពិតប្រាកដមែន ដោយកន្លងមក ជនរងគ្រោះឈ្មោះ ឈឿង ឈឹង ភេទប្រុស អាយុ ៦៣ឆ្នាំ ជាអ្នកសារព័ត៌មាន គេហទំព័រ កម្ពុជាអភិវឌ្ឍន៌ តែងតែថតរូប និងមកទារប្រាក់ពីខ្លួនថ្លៃដឹកឈើ ហើយ ថែមទាំងនិយាយថា បើមិនឲ្យប្រាក់ទេ នោះរូបគេ និងរាយការណ៍ទៅមន្ត្រីបរិស្ថាន ដោយទារប្រាក់ក្នុងមួយជើង ២០ ០០០ រៀល រូបខ្លួនធ្លាប់បង់ប្រាក់ឲ្យទៅជនរងគ្រោះ ចំនួនពីរដង ស្មើនិង ចំនួន ៤០ ០០០ រៀល ប៉ុន្តែក្រោយមកជនរងគ្រោះ ចេះតែមកទារប្រាក់ទៀត ដោយរូបខ្លួនរកប្រាក់មិនបាន ទើបរូបខ្លួនខឹង និងជនរងគ្រោះ ។ ជនសង្ស័យបានបន្តទៀតថា៖ នៅវេលាម៉ោង ០៨៖០០នាទី ត្រូវថ្ងៃថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ រូបខ្លួនបានបើកគោយន្តកន្ត្រៃ ទៅស្រែនៅស្វាយប៉ា ស្ថិតក្នុងភូមិត្រពាំងភ្លោះ ដោយរូបខ្លួនបានយកអាវុធកែច្នៃ ( កាំភ្លើងឆ្នុក ) ដាក់ទៅជាមួយ ក្រោយពេលទៅដល់ស្រែ រហូតដល់ម៉ោង១៦និង៣០ នាទី ក៏បើកគោយន្តកន្ត្រៃត្រឡប់មកផ្ទះវិញ ដល់ចំណុចផ្លូវបំបែកត្រពាំងរាំង ស្ថិតភូមិត្រពាំងភ្លោះ ពេលនោះម៉ោងប្រហែល ១៨និង០០នាទី ក៏បានឃើញ ឈ្មោះ ឈឿង ឈឹង និងគ្នាគាត់ម្នាក់ទៀត មិនស្គាល់ឈ្មោះ ឈប់ម៉ូតូចំនួន ០២គ្រឿង នៅនិងមាត់ផ្លូវ រូបខ្លួនក៏បើកគោយន្តកន្រ្តៃ ទៅមុខបានប្រហែលជាង ១០០ម៉ែត្រ ដោយគិតថាឈ្មោះ ឈឿង ឈឹង មកទារប្រាក់ ទើបមានកំហឹង ក៏ឈប់គោយន្ត ហើយយកកាំភ្លើងឆ្នុក ដើរទៅស្ទាក់ផ្លូវជនរងគ្រោះ ដោយពួនក្បែគល់ឈើមាត់ផ្លូវ ចាំបាញ់ជនរងគ្រោះ ភ្លាមនោះជនរងគ្រោះ និងគ្នារបស់គេ បានជិះម៉ូតូ សំដៅទៅផ្ទះ ដោយជនរងគ្រោះជិះមុខ រូបខ្លួនបានធ្វើសកម្មភាព បាញ់ទៅលើជនរងគ្រោះ មួយគ្រាប់ចំខ្លួន ក្រោយពេលធ្វើសកម្មភាពហើយ បានរត់ត្រឡប់មកយកគោយន្ត ជិះគេចខ្លួនមកផ្ទះតែម្តង ចំពោះគោលបំណង ដែលខ្លួនបាញ់ជនរងគ្រោះនេះ បំណងបាញ់ឲ្យរបួស ដើម្បីឲ្យរាងចាលកុំឲ្យដើរទារប្រាក់គេ បន្តទៀត ។

សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ គោយន្តកន្ត្រៃ ចំនួន០១, កាំភ្លើងកែច្នៃ ( កាំភ្លើងឆ្នុក ) ចំនួន០១, កាណុងសេកាសេ ចំនួន០១ដើម, កូនកាំបិតចំនួន ០១, គ្រាប់កាំកង់ ចំនួន ៦៤គ្រាប់ , គីប( ក្បាលគ្រាប់រំសេវសំបកក្រហម ) ចំនួន ៦២គ្រាប់, កូនសោលេខ១០ ចំនួន០២, កាបូបស្ពាយចំនួន០១, រំសេវកន្លះដប ។

បច្ចុប្បន្នសមត្ថកិច្ច​កំពុង​រៀបចំ​សំណុំ​រឿង​ ដេីម្បី​បញ្ជូន​ជនសង្ស័យ​ ទៅ​អយ្យការអមសាលាដំបូង​ខេត្ត​សៀម​រាប​ ចាត់ការ​បន្តតាមនិតិវិធីច្បាប់​ ។

អត្ថបទពាក់ព័ន្ធ