ស្ថានភាពរបួសធ្ងន់ធ្ងរពេក! អ្នកកាសែត គេហទំព័រអនឡាញ កម្ពុជាអភិវឌ្ឍន៏ បានស្លាប់ហើយកាលពីយប់មិញនេះ
សៀមរាប៖ លោក ឈឿង ឈឹង អ្នកកាសែតជើងចាស់មួយរូប ដែលត្រូវបានជនសង្ស័យលបបាញ់ប្រហារកាលពីល្ងាចថ្ងៃទី៤ ធ្នូ ២០២៤ បានស្លាប់ហើយ កាលពីវេលាម៉ោងជាង២ទៀបភ្លឺចូលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤នេះ ដោយសារតែស្ថានភាពរបួសរបស់លោកធ្ងន់ធ្ងរពេក គ្រូពេទ្យមិនអាចជួយសង្គ្រោះបាន ។
គួរបញ្ជាក់ថា នៅវេលាម៉ោងជាង៦ល្ងាចថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ មានហេតុការណ៍បាញ់ប្រហារមួយកើតឡើងនៅខេត្តសៀមរាប ហើយត្រូវបានគេដឹងថា អ្នករងគ្រោះគឺជាអ្នកកាសែតមួយរូបប្រចាំអង្គភាពសារព័ត៌មានកម្ពុជាអភិវឌ្ឍន៍ក្នុងខេត្តសៀមរាប ។
នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលខេត្តសៀមរាប ក៏បានចេញសេចក្ដីប្រកាសព័ត៌មានមួយជុំវិញករណីបាញ់ប្រហារនេះ ថាជាករណីទំនាស់បុគ្គល និងបុគ្គល មិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយនោះទេ ។ តាមរយៈសេចក្តីប្រកាសព័ត៌មានមួយសន្លឹក រដ្ឋបាលខេត្តសៀមរាបបានឱ្យដឹងថា ក្រោយទទួលបានដំណឹងថា មានករណី លបលួចបាញ់មកលើអ្នកសារព័ត៌មានអនឡាញលោក ឈឿង ឈឹង វ័យ ៦៣ឆ្នាំ កងម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកជីក្រែង បានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះស៊ី លឿយ មកសាកសួរពីករណីប៉ុនប៉ងមនុស្សឃាតដោយចេតនា។
ជាលទ្ធផលក្រោយការសាកសួរ ជនសង្ស័យបានឆ្លើយបំភ្លឺថា ការលបលួចបាញ់នោះ គឺដោយសារខឹងជនរងគ្រោះមកទារប្រាក់ពីខ្លួនថ្លៃដឹកឈើ ខណៈបច្ចុប្បន្នលោក ឈឿង ឈឹង កំពុងសម្រាកព្យាបាល នៅមន្ទីពេទ្យបង្អែកខេត្តសៀមរាប។
ស្នងការនគរបាលខេត្តសៀមរាបបានឱ្យដឹងថា សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ចូនជនសង្ស័យខាងលើទៅអយ្យការអមសាលាដំបូងខេត្តសៀមរាបចាត់ការបន្តតាមនីតិវិធី ៕