តុលាការខេត្តសៀមរាបបញ្ជាក់ថា ករណីឃាតកម្មលើអ្នកសារព័ត៌មាន ឈ្មោះ ឈឿង ឈឺង កើតចេញមកពីទំនាស់បុគ្គល
ខេត្តសៀមរាប៖ នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្តសៀមរាប បានធ្វើសន្និសីទព័ត៌មាន ស្តីពីឃាតកម្មលើអ្នកកាសែតឈ្មោះ ឈឿន ឈឹង ជាអ្នកសារព័ត៌មាន នៃអង្គភាពកម្ពុជាអភិវឌ្ឍន៍ ។
ថ្លែងនៅក្នុងសន្និសីទព័ត៌មាន លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ថា ឃាតកម្មលើអ្នកសារព័ត៌មានរូបនោះ កើតចេញមកពីទំនាស់បុគ្គល ។ បើតាមលោកព្រះរាជអាជ្ញា លោក មាស ច័ន្ទពិសិដ្ឋ ទំនាស់បុគ្គលនោះ ក៏ដោយសារតែបុគ្គលដែលជាអ្នកសារព័ត៌មានបានទាមទារសំណូក ដើម្បីជាថ្នូរនឹងការមិនចុះផ្សាយព័ត៌មាន ។
នៅក្នុងសន្និសីទព័ត៌មាន តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ថា នឹងផ្លាស់ប្តូរបទចោទប្រកាន់ ពីការប៉ុនប៉ងធ្វើឃាតកម្ម ទៅជាបទចោទ ឃាតកម្មវិញ ដើម្បីធានាការកាត់ក្តីមួយយុត្តិធម៌ ដល់អ្នកសារព័ត៌មានឈ្មោះ ឈឿន ឈឹង ដែលបាត់បង់ជីវិត ។
ជនរងគ្រោះ ឈ្មោះ ឈឿង ឈឹង អាយុ ៦៣ឆ្នាំ ជាអ្នកសារព័ត៌មាន នៃអង្គភាពកម្ពុជាអភិវឌ្ឍន៍ នៅខេត្តសៀមរាប បានបាត់បង់ជីវិតនៅថ្ងៃទី៧ ខែធ្នូ ក្រោយពីខ្មាន់កាំភ្លើងបាញ់ឲ្យរបួសធ្ងន់កាលពីថ្ងៃទី៤ ខែធ្នូ ក្នុងអំឡុងពេលចុះយកព័ត៌មានស្តីពីការកាប់ទន្ទ្រានដីព្រៃអភិរក្ស ក្នុងស្រុកជីក្រែង ខេត្តសៀមរាប ។
ភ្លាមៗ ក្នុងថ្ងៃទី៥ ខែធ្នូ និងបន្ទាប់ពីបានស្រាវជ្រាវកំណត់មុខសញ្ញា អាជ្ញាធរខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស៊ី លឿយ មកសាកសួរ ពីករណីប៉ុនប៉ងមនុស្សឃាតដោយចេតនា ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានកាលណោះ អាជ្ញាធរខេត្តសៀមរាប បានអះអាងថា ការបាញ់អ្នកកាសែត ឈ្មោះ ឈឿង ឈឹង ជាទំនាស់បុគ្គល ។