សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកសមិទ្ធផលថ្មីនៃថ្នាលឌីជីថលចុះ ឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាវឌ្ឍនភាពដ៏សំខាន់មួយក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា សមិទ្ធផលថ្មីនៃថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាវឌ្ឍនភាពដ៏សំខាន់មួយក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ដែលជាកម្មវិធីគោលនយោបាយអាទិភាពទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលសម្តេចបានប្រកាសដាក់ឱ្យអនុវត្តនៅចុងឆ្នាំ២០២៣ ដោយក្នុងអស់រយៈពេលជាង១ឆ្នាំកន្លងមកនេះ ក្រសួង ស្ថាប័នពាក់ព័ន្ធបានចូលរួមប្រកបដោយស្មារតីបុរេសកម្មនៅក្នុងការទទួលខុសត្រូវ និងសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ។
ការគូសបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រីយ៉ាងដូចនេះធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ជាក់ស្តែងការរៀបចំ និងការដាក់ឱ្យដំណើរការថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនាពេលនេះបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការគាំទ្រការជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងប្រកបមុខរបរធ្វើការងារ និងមានអាជីវកម្មនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងបង្កើតឱកាសឱ្យបងប្អូនអាចអភិវឌ្ឍន៍អាជីវកម្ម និងពង្រីកមុខរបរ ជាពិសេសធ្វើឱ្យកម្រិតជីវភាព និងសុខុមាលភាពរបស់បងប្អូនបានកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។
សម្តចធិបតីបានថ្លែងបញ្ជាក់ថា បច្ចុប្បន្នសកលលោកមានការប្រែប្រួលលឿនជាមួយនឹងភាពមិនប្រាកដប្រជាខ្ពស់ ហើយវិបត្តិ និងបញ្ហាប្រឈមផ្សេងៗក៏បានលេចឡើង និងជាបន្តបន្ទាប់ ដែលការណ៍នេះអាចបង្ទុចបង្អាក់ដំណើរការអភិវឌ្ឍន៍ និងមានការវិបាកជាអវិជ្ជមានលើកំណើនសេដ្ឋកិច្ចជាតិ។ ស្ថិតក្នុងបរិការណ៍មិនប្រាកដប្រជាខ្ពស់នេះ រាជរដ្ឋាភិបាលយល់ច្បាស់អំពីភាបចាំបាច់ក្នុងការកែលម្អ ជំរុញ និងពង្រឹងការអនុវត្តការកែទម្រង់ជារចនាសម្ព័ន្ធដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិឱ្យមានសន្ទុះល្អប្រសើរប្រកបដោយបរិយាប័ន្ន ដើម្បីធានាថាប្រជាជនកម្ពុជាទទួលបានផ្លែផ្កាទាំងដោយផ្ទាល់ និងប្រយោលពីកំណើនសេដ្ឋកិច្ច សំដៅពង្រឹងភាពធន់ទៅនឹងវិបត្តិនានា ក៏ដូចជាភាពធន់ក្នុងការអភិវឌ្ឍសេដ្ឋ និងសង្គមជាតិរបស់យើង។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ទៀតថា តាមរយៈការដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានប្តេជ្ញាបន្តរក្សាសុខសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខសង្គម និងសមិទ្ធផលជាតិជាច្រើន ដែលរាជរដ្ឋាភិបាលអាណត្តិមុនៗសម្រេចបាន ដែលបានរំលេចនៅក្នុងបរិស្ថានគ្របដណ្តប់នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីលើកឡើងថា ភាគលាភនៃ សុខសន្តិភាពបានបង្កើតឡើងនូវបរិយាកាសអំណោយផលសម្រាប់កម្ពុជានៅក្នុងការរុញច្រានការអភិ វឌ្ឍលើគ្រប់វិស័យក្នុងនោះ ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាអាទិភាពដ៏សំខាន់មួយដូចមានគូសរំលេចនៅក្នុងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ដែលមានចក្ខុ វិស័យអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីកធំធាត់ និងមានលទ្ធភាពធ្វើសមាហរណកម្មចូលទៅក្នុងប្រព័ន្ធ ដើម្បីក្លាយជាកម្លាំងចលករដ៏សំខាន់នៅក្នុងការកែលម្អជីវភាពរបស់ប្រជាពលរដ្ឋ និងរួមចំណែកជាអតិបរិមាដល់ការបោះជំហានទៅមុខប្រកបដោយភាពប្រាកដនិយម សំដៅសម្រេចបាននូវការអភិវឌ្ឍប្រកប ដោយបរិយាប័ន្ន ចីរភាព និងភាពធន់ទៅនឹងវិបត្តិ៕ ដោយ៖ AKP