បុរសម្នាក់ជាជនជាតិទំពួន បានបាត់បង់ជីវិតក្នុងអណ្តូងជីកយករ៉ែត្បូងមួយកន្លែង ក្នុងខេត្តខេត្តរតនគិរី

ខេត្តរតនគិរី៖ ហេតុការណ៏បាក់រណ្ដៅដីរ៉ែត្បូងសង្កត់ពីលើកម្មករបណ្ដាលឲ្យបាតបង់អាយុជីវិតភ្លាមៗនៅកន្លែង កើតហេតុបង្កអោយមានការឆោឡោនៅវេលាម៉ោង១១ព្រឹក កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅនៅចម្ការស្វាយចន្ទីដែលមានម្ចាស់ឈ្មោះ ម៉ៅ មឿន នៅស្រុកលំផាត់។

ជនរងគ្រោះដែលបាត់បង់អាយុជីវិតនោះមានឈ្មោះ ខាត់ សួង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិទំពួន មានទីលំនៅភូមិចងរ៉ា ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគីរី។ មានប្រពន្ធនិងកូនប្រុសតូចទើបតែបានអាយុ៣ឆ្នាំ។ សាកសពបានរៀបចំទុកដាក់តាមទំនៀមទម្លាប់ប្រពៃណី ប៉ុន្តែម្ចាស់ចម្ការនឹងកុងសែមិនពាក់ព័ន្ធទទួលខុសត្រូវក្នុងរឿងនោះទេ។

ដោយឡែកលោក អ៊ុង ហួរ ប្រធានមន្ទីរ៉ែនិងថាមពលខេត្តរតនគិរី បានឲ្យដឹងថា គេលួចជីករ៉ែត្បូងនោះលោកមិនទាន់បានដឹងនៅឡើយទេ។ ហើយបើមានករណីស្លាប់កម្មករនោះមែន ម្ចាស់ដីចម្ការជាអ្នកទទួលខុសត្រូវចំពោះមុខច្បាប់។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ថ្មីៗកន្លងមកនេះ មានកុងសែមួយចំនួនបានទៅបំផុសឲ្យប្រជាពលរដ្ឋ ជាជនជាតិដើមភាគតិចទំពួន ដែលមានជីវភាពខ្វះខាត ឲ្យចូលរួមជីករណ្ដៅដីដើម្បីរុករករ៉ែត្បូងមិនស្របច្បាប់នៅចំណុចចម្ការចន្ទីឈ្មោះ ម៉ៅ មឿន ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកលំផាត់ ដើម្បីរករ៉ែត្បូងលក់ទៅឲ្យពួកគាត់ជាកុងសែត្បូង។

ឈ្មោះ លូន កាន់ដា អាយុ២៣ឆ្នាំ ត្រូវជាប្រពន្ធកម្មករបានអង្គុយយំនៅក្បែរក្តាមឈូសរួចបានរៀបរាប់ទាំងអួលដើមកថា ដោយសារជីវភាពមានការខ្វះខាតទើបប្ដីរបស់នាងខ្ញុំបានបង្ខំចិត្ត ធ្វើជាកម្មករជីករុករករ៉ែត្បូង ក្រែងបានត្បូងលក់បានប្រាក់ខ្លះ ដើម្បីផ្គត់ផ្គង់ក្នុងគ្រួសារប្រចាំថ្ងៃនឹងសម្រាប់ឲ្យកូនទៅរៀននឹងគេនោះ។

ប្រពន្ធជនរងគ្រោះបានបន្តទៀតថា ប្ដីខ្ញុំបានផ្សងព្រេងជីករ៉ែត្បូងជិតមួយឆ្នាំមកហើយ តែពុំបានជួបប្រទះត្បូងគ្រាប់នោះទេ គឺបានតែត្បូងតូចៗហើយគាត់ខំប្រឹងជីកតាមរ៉ែត្បូងរហូតដល់ជម្រៅជាង៨ម៉ែត្រ បណ្ដាលឲ្យដីនៅផ្នែកខាងលើ ក៏បានបាក់ស្រុតចុះសង្កត់ពីលើ បណ្ដាលឲ្យគាត់ស្លាប់ភ្លាមៗនៅក្នុងរណ្ដៅនោះតែម្ដង។

ភ្លាមៗនោះដែរកម្មករផ្សេងទៀតបានរួមគ្នាទៅជួយកកាយអាចម៍ដីចេញ ដោយប្រើរយៈពេលជាង ២ម៉ោង ទើបយកជនរងគ្រោះបានពីក្នុងរណ្តៅដី ប៉ុន្តែវាហួសពេលទៅហើយ។

មន្ត្រីនគរបាលមូលដ្ឋានស្រុកលំផាត់បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យនឹងធ្វើកោសល្យវិច័យរកឃើញថា ករណីកម្មករនោះ ពិតជាស្លាប់នៅក្នុងរណ្ដៅដីត្បូងពិតប្រាកដមែន។

ក្រោយពីពិនិត្យរួចរាល់ហើយនោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារនៃសព ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីបងប្អូនជនជាតិដើមភាគតិចទំពួន។

គួររំលឹកផងដែរថា ពីខែកញ្ញាឆ្នាំ២០២៣កន្លងទៅនេះ មានករណីបាក់រណ្ដៅរ៉ែត្បូងសង្កត់លើកម្មករស្លាប់ម្នាក់ដែរ នៅក្នុងស្រុកបរកែវ លុះមកដល់ខែធ្នូ ឆ្នាំ២០២៤ ក៏មានករណីកម្មករជីករ៉ែត្បូងស្លាប់ម្នាក់ទៀត។

រាល់ការបាត់បង់អាយុជីវិតកម្មករនៅក្នុងរណ្ដៅរ៉ែត្បូង វាអត់មានច្បាប់នោះទេ តែងតែស្លាប់ដោយអាណោចអាធម៌បំផុត គឺពុំមានម្ចាស់ចម្ការ ឬក៏កុងសែណាម្នាក់ ចេញមុខទទួលខុសត្រូវនោះឡើយ។

គេសង្កេតឃើញថា មានតែកុងសែឲ្យក្រុមគ្រួសារជនរងគ្រោះជួយបិទបាំងព័ត៌មាន ដាច់ខាតមិនឲ្យចេញឈ្មោះកុងសែនេះ កុងសែនោះឡើយ។

បើមិនដូច្នោះទេនោះ ទោះបីតែមួយសេនក៏មិនចេញឲ្យដែរ ខណៈមានករណីណាមួយកើតឡើងជាយថាហេតុផ្សេងៗ។

ជាក់ស្ដែងដូចករណីខាងលើនេះ ស្រាប់គេដាក់ការសង្ស័យថារឿងខាងលើនោះ ភាគច្រើនផ្ដើមចេញពីកុងសែទិញត្បូងមួយចំនួននៅក្នុងខេត្តរតនគិរីនេះ មានការឃុបឃិតជាមួយមន្ត្រីជំនាញ រួចទៅបំផុសឲ្យពលរដ្ឋមានជីវភាពខ្វះខាត នឹងពុំមានជំនាញជីករ៉ែត្បូងឲ្យចូលរួមផ្សងព្រេងជីករ៉ែត្បូងជម្រៅរាប់សិបម៉ែត្រ ដល់ពេលជួបឧបទ្ទវហេតុបាត់បង់អាយុជីវិត កុងសែនិងម្ចាស់ចម្ការគេចវេសយករួចតែខ្លួន មិនទទួលខុសត្រូវ។ ចំណែកទុក្ខសោកបានធ្លាក់ទៅលើប្រពន្ធនិងកូនក្លាយជាក្មេងកំព្រា រស់នៅកណ្ដោចកណ្ដែងគ្មានទីពឹងនោះ។

ដើម្បីបញ្ចប់ហានិភ័យនេះ មន្ត្រីរ៉ែនិងថាមពលខេត្តរតនគិរី ជាពិសេស ក្រសួងរ៉ែត្រូវតែមានវិធានការច្បាប់ឲ្យបានតឹងរឹងបំផុត បើពុំដូច្នោះទេ កម្មកររ៉ែត្បូងខុសច្បាប់ទាំងនោះ អាចនឹងប្រឈមការស្លាប់បាត់បង់អាយុជីវិតជាបន្តបន្ទាប់ទៀត៕

រាយការណ៍ដោយ៖ ណាត ពៅ

អត្ថបទពាក់ព័ន្ធ