លោក គៀង តុលា អភិបាលស្រុកអូរជុំ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យការសាងសង់ផ្លូវបេតុងពីរកន្លែងក្នុងខេត្តរតនគិរី
រតនគិរី៖ នាព្រឹកថ្ងៃចន្ទ ៨ កើត ខែបុស្ស ឆ្នាំរោង ឆសក័ ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥នេះ លោក គៀង តុលា អភិបាល នៃគណៈអភិបាលស្រុកអូរជុំ បានដឹកនាំក្រុមការងារក្រោមឪវាទរបស់ខ្លួន ចុះមកដើម្បីធ្វើការត្រួតពិនិត្យមើលការសាងសង់ផ្លូូវបេតុងអាមេពីរកន្លែង ដែលមានប្រវែងសរុប 672 ម៉ែត្រ ទទឹង 6 ម៉ែត្រ កម្រាស់ប្រវែង 0,15 ម៉ែត្រ ក្នុងនោះភូមិប្រាក់ ទទួលបានប្រវែង 242 ម៉ែត្រ ភូមិបរញ៉ុក ទទួលបានប្រវែង 430 ម៉ែត្រ ស្ថិតក្នុងឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី។
បើតាមការបញ្ជាក់ពីលោក គៀង តុលា អភិបាលស្រុក បានអោយដឹងថា ផ្លូវបេតុងនេះដែរ ត្រូវបានចុះកិច្ចសន្យាសាងសង់ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ រវាងលោក ហ្យឹ ម៉ោង (ម្ចាស់គំរោង) នឹងលោកស្រី លី ធីតា ជាប្រធានក្រុមហ៊ុនឈ្មោះ ពង្សការវិវឌ្ឍ ខន ស្រ្តាក់ សិន ឯ.ក។
ហើយបានបើកការដ្ឋាននៅថ្ងៃ១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានការថែទាំរយះពេល 6 ខែ ហើយលោកអភិបាលស្រុកបានបន្ថែមទៀតថា ការសាងសង់ផ្លវបេតុងទាំងពីរខ្សែនេះចំណាយថវិការសរុបប្រមាណ 485.520.000 រៀល ប្រើប្រាស់ថវិការរបស់មូនិធិឃុំ/សង្កាត់ឆ្នាំ២០២៤។
បន្ទាប់ពីបានត្រួតពិនិត្យរួច លោកអភិបាលរូបនេះបានផ្តាំផ្ញើដល់ពលរដ្ឋ សូមចូលរួមថែរក្សាអោយបានយូអង្វែរផងដែរ៕
រាយការណ៍៖ ណាត ពៅ