កម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី ឃាត់ខ្លួនមនុស្សចំនួន០២នាក់ ពាក់ព័ន្ធករណីធ្វើសន្និធិសត្វព្រៃដោយគ្មានលិខិតអនុញ្ញាត
ខេត្តរតនគិរី៖ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានលុង ចំនួន ០៣នាក់ សហការជាមួយ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន ០៥ នាក់ ដឹកនាំដោយលោក ម៉ិញ មង្គល មន្ត្រីក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័ត នៃរដ្ឋបាលព្រៃឈើ និងមានការសម្របសម្រួលពីលោក កែវ ភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី ចុះបង្ក្រាបករណី ធ្វើសន្និធិសត្វព្រៃដោយគ្មានលិខិតអនុញ្ញាត ស្ថិតក្នុងភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ជាលទ្ធផលបានឃាត់ខ្លួនមនុស្សចំនួន ០២ នាក់ និងចាប់យកវត្ថុតាងរួមមាន៖ ទី១. លលកបាយ (រស់) ចំនួន ០៦ ក្បាល, ទី២. ពពេចត្រចៀកក្រហម (រស់) ចំនួន ៥២ ក្បាល និងទី៣. ទ្រមាក់ខ្លា (រស់) ចំនួន ០១ក្បាល បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនមកជំនាញខណ្ឌរដ្ឋបាលព្រៃរតនគិរី ដេីម្បីចាត់ការតាមនីតិវិធី។
រាយការណ៍៖ នុតនូវ រិទ្ធីពោធិ៍