បុរសជាជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងបានលុង ចាប់ខ្លួន ក្រោយធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃបុរសជនបរទេស

ខេត្តរតនគិរី៖ ដោយមានបទបញ្ជាយ៉ាងមុឺងម៉ាត់ពីលោកវរះសេនីយ៏ឯក ហួត បូរី អធិការនគរបាលក្រុងបានលុង កម្លាំង​ជំនាញ​ព្រហ្ម​ទណ្ឌ​ក្រុងបានលុង​  សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​បឹង​កន្សែង​ និង​កម្លាំង​ប៉ុស្តិ៍​ឡាបានសៀក​ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១៥៖០០នាទី បាន​​ធ្វើការ​ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន​ ០១ នាក់​ នៅត្រង់​ចំណុច​ភូមិ​ឡាប៉ូ​ សង្កាត់​យក្ខឡោម​ ក្រុង​បាន​លុង​ ខេត្ត​រតនគិរី​ ពាក់​ព័ន្ធ​ករណី​លួចមាន​ស្ថាន​ទម្ងន់​ទោស​ (ឆក់​ទូរសព្ទ​ដៃ)​ និង​ករណីរក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ កេីត​ហេតុ​នៅ​ថ្ងៃ​ខែឆ្នាំ​ដដែល​ វេលា​ម៉ោង​ ០៤​និង​៤០នាទី​ នៅត្រង់​ចំណុច​ផ្លូវ​ចុះ​ទួល​មាត់​បឹង​កំសាន្ត​ស្ថិតក្នុង​ភូមិ​ថ្មដា​ សង្កាត់​បឹង​កន្សែង​ ក្រុង​បាន​លុង​ ខេត្ត​រតនគិរី​ ។ ដោយ​មាន​ការ​សម្របសម្រួល​នីតិវិធី​ពីលោក​ លាង​ អ៊ូ​ ព្រះរាជ​អាជ្ញា​រង​ នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី​ តាមរយៈ​ទូរសព្ទ​លេខ​ ០៩៧​ ៦៦​ ៣៣៣៣៣។
ជនសង្ស័យ​មានឈ្មោះ​ ឈឿន​ តុន​ ភេទ​ ប្រុស​ អាយុ​ ៣១ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មុខរបរ​ លក់​ប្រហិត​ ទីលំនៅ​សព្វ​ថ្ងៃ​ភូមិ​អូរកន្សែង​ សង្កាត់​បឹង​កន្សែង​ ក្រុង​បាន​លុង​ ខេត្ត​រតនគិរី​ (ស្នាក់នៅបន្ទប់​ជួល​)។

សម្ភារៈ​វត្ថុ​តាង​ដកហូត​រួមមាន​៖
១- ម្ស៉ៅក្រាម​ពណ៌​សថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ ចំនួន​ ០១​កញ្ចប់​តូច។
២- ម៉ូតូ​ចំនួន​ ០១​គ្រឿង​ ម៉ាក​ ហុងដា​ឌ្រីម​ ពណ៌​ខ្មៅ​ មិន​ស្គាល់​ឆ្នាំ​ផលិត​ គ្មាន​ស្លាក​លេខ​ លេខ​ម៉ាស៊ីន​ ND125ME-8069269 និង​លេខ​តួ​ 8069269
៣- ទូរស័ព្ទ​ដៃ​ម៉ាក​ oppo ពណ៌​ផ្ទៃមេឃ​ បែក​អេក្រង់។
៤- Case ទូរសព្ទ​ដៃ​ចំនួន​ ០១​
៥- Visa Card ABA ចំនួន​០១​សន្លឹក​,Card Aeroplan gold ចំនួន​០១សន្លឹក​,aeroplan card Visa ចំនួន​០១​សន្លឹក​,Driver’s license Card ចំនួន​០១​សន្លឹក​ ,card ផ្សារទំនើប​សុីត្រា​ចំនួន​ ០១​សន្លឹក​ និង​ Name card Angkor Resources Corp មួយ​ចំនួន​​។
៦- ទូរសព្ទ​ដៃម៉ាក​ Samsung note Ultra S20 ពណ៌​ខ្មៅ​ ចំនួន​ ០១គ្រឿង​(របស់ជនរងគ្រោះ)

អំពី​អង្គ​ហេតុ​៖ នៅថ្ងៃទី​៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៥​ វេលា​ម៉ោង​ ៤​ និង​៤០នាទី​ ជនរងគ្រោះ​ឈ្មោះ​ Mike Weeks ភេទ​ ប្រុស​ អាយុ​ ៦៩ឆ្នាំ​ ជនជាតិ​ កាណាដា​ បាន​ដេីរ​ហាត់ប្រាណ រៀងរាល់ព្រឹក​​ជាប្រចាំ​នៅតាម​បណ្ដោយ​ផ្លូវ​ជាតិ​ទិសដៅ​ពីត្បូង​ទៅ​ជេីង​ លុះដល់​ត្រង់​ចំណុច​ផ្លូវ​ដី​ក្រហម​ចុះទួល​មាត់​បឹង​កំសាន្ត​ ស្ថិតក្នុង​ភូមិ​ថ្មដា​ សង្កាត់​បឹង​កន្សែង​ ក្រុង​បាន​លុង​ ខេត្ត​រតនគិរី​ ស្រាប់តែ​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ចំនួន​ ០១នាក់​ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​វេវ​ ពណ៌​ខ្មៅ​ គ្មាន​ស្លាក​លេខ​ ធ្វើ​សកម្មភាព​ស្ទុះ​មកវាយ​ដោយដៃ លេីខ្លួន​ចំនួន​ ៥ ទៅ ៦ ដៃ​ ចំ​ឆ្អឹង​ជំនី​ ភ្លាម​នោះ​ជនសង្ស័យ​ក៏បាន​ស្រែក​គំរាម​រកលុយ​ពី​ខ្លួន​ ហេីយ​ខ្លួន​ប្រាប់ ថា​គ្មាន​លុយទេ​ មាន​តែ​ទូរសព្ទ​ដៃ​ ហេីយ​ជនសង្ស័យ​ក៏បាន​ស្ទុះ​ដណ្ដើម​យក​ទូរសព្ទ​ដៃ​ពីខ្លួន​ ដោយមាន​ការ​វាយ​ប្រតាយប្រតប់​គ្នា​ ហេីយ​ជនសង្ស័យ​ក៏បាន​វាយ​បន្ថែម​មកលេី​ខ្លួន​ចំនួន​ ០១ ដៃទៀត​ ត្រូវ​ចំ​ចំហៀង​ក្បាល​ បណ្ដាល​អោយ​ខ្លួន​មាន​អាការៈ​វិលមុខ​ ក្រោយ​ពីធ្វេី​សកម្មភាព​វាយ​មកលេី​ខ្លួនរួច​ ជនសង្ស័យ​ខាងលើ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​តែម្ដង​ ដោយ​មិន​ដឹងថា​ជិះ​ទៅ​ទិសខាងណាឡេីយ ។ ជនរងគ្រោះ​ក៏​បាន​អោយ​ឈ្មោះ​ ឃុន​ រស្មី​ ភេទ​ ស្រី​ អាយុ​ ៣២ឆ្នាំ​ ជនជាតិ​ ខ្មែរ​ ជាអ្នក​តំណាង​មក​ដាក់​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​បឹង​កន្សែង​ ដេីម្បី​អោយ​សមត្ថកិច្ច​ជួយ​ធ្វើ​ការ​ស្រាវជ្រាវ​ ស្វែង​រក​ជនសង្ស័យ​យកមក​ផ្ដន្ទាទោស​តាម​នីតិវិធី​។

ជនរងគ្រោះ​មានឈ្មោះ​ Mike Weeks អាយុ​ ៦៩ឆ្នាំ​ ជនជាតិ​ កាណាដា​ មុខរបរ​ អគ្គនាយក​ក្រុម​ហ៊ុន​ Angkor gold មាន​ទីលំនៅ​សព្វ​ថ្ងៃ​ភូមិ​ទេសអន្លុង​ សង្កាត់​បឹង​កន្សែង​ ក្រុង​បាន​លុង​ ខេត្ត​រតនគិរី​។

បច្ចុប្បន្ន​ជនសង្ស័យ ​រួមទាំងវត្ថុតាងត្រូវ​បាន​ឃាត់ខ្លួន និងរក្សាទុក​បណ្ដោះអាសន្ន​នៅ​អធិការ​ដ្ឋាន​នគរបាល​ក្រុង​បាន​លុង​ ដេីម្បី​ស្រាវជ្រាវ​ និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​អយ្យការ​អមសាលា​ដំបូង​ខេត្ត​រតនគីរី​ ចាត់ការ​តាម​នីតិវិធី​។

រាយការណ៍៖ ណាត ពៅ

អត្ថបទពាក់ព័ន្ធ