អគ្គិភ័យឆេះផ្ទះល្វែងលក់គ្រឿងសំអាង យីហោឈ្មោះ ណេឈ័រ រីផាប់ប្លិច ផ្អើលទាំងព្រឹកនៅកណ្តាលក្រុងសៀមរាប


ខេត្តសៀមរាប៖ ករណីអគ្គិភ័យឆេះផ្ទះល្វែង លក់គ្រឿងសំអាងមួយកន្លែង មានយីហោឈ្មោះ ណេឈ័រ រីផាប់ប្លិច (Nature Republic) ទាំងព្រឹក បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅតាមបណ្តោយផ្លូវស៊ីវុត្ថា ស្ថិតក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នាវេលាម៉ោង០៦និង៣០នាទីព្រឹក ត្រូវថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។

ម្ចាស់ផ្ទះមានឈ្មោះ ធុន ធារី ភេទស្រី អាយុ ៤៥ឆ្នាំ ដែលមានទីតាំងស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

តាមប្រភពពីសមត្ថកិច្ច៖ ករណីអគ្គិភ័យនេះបណ្តាលឲ្យខូចខាតផ្ទះដែលមានទំហំ ៤ម៉ែត្រ គុណ ១២ម៉ែត្រ ជាន់ផ្ទាល់ដី (ខូចខាត១០ភាគរយ) ដោយមូលហេតុបណ្តាលមកពី ឆ្លងចរន្តអគ្គិសនី ទើបបណ្តាលឱ្យមានអគ្គិភ័យឆាបឆេះតែម្តង ។

ក្រោយពីទទួលបានព័ត៌មានពីករណីអគ្គិភ័យនេះភ្លាម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចាត់កម្លាំង ជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចុះពន្លត់អគ្គិភ័យនេះ ដោយប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យ សរុបចំនួន ០៧គ្រឿង ក្នុងនោះមានរថយន្តពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចំនួន ០៥គ្រឿង រថយន្តពន្លត់អគ្គិភ័យ នៃកងរាជអាវុធហត្ថចំនួន ០១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យអង្គភាពការពារបេតិកភណ្ឌចំនួន ០១គ្រឿង ដោយប្រើប្រាស់ទឹកសរុបអស់ចំនួន ០៣ រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះបាន ៕

អត្ថបទពាក់ព័ន្ធ