បុរសម្នាក់ញៀនស្រា បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន នៅឯព្រៃខាងកើតភូមិលលៃ ក្នុងស្រុកប្រាសាទបាគង
ខេត្តសៀមរាប៖ មានករណីបុរសម្នាក់ធ្វើអត្តឃាតចងកសម្លាប់ខ្លួន បានបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង១៩:២៤នាទីយប់ ត្រូវនិងថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៥ ស្ថិតនៅចំណុចដើមព្រីងខាងកើតផ្ទះសព ក្នុងភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
សពជនរងគ្រោះមានឈ្មោះ ចៀម ជូរ ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
យោងតាមការបំភ្លឺពីឈ្មោះ ថាត់ ម៉ៅ ភេទស្រីអាយុ ៦៦ ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាង ខេត្តសៀមរាប ត្រូវជាម្ដាយបង្កើតរបស់ជនរងគ្រោះ បានឲ្យដឹងថា កន្លងមកកូនរបស់គាត់ (សព) ជាមនុស្សញៀនស្រាផឹកជាប្រចាំនិងមានជំងឺប្រសៃប្រាសាទខួក្បាលលេបថ្នាំជាប្រចាំ នៅពេលជំងឺដល់ម្ដងៗ តែងតែរកចងក តែត្រូវបានក្រុមគ្រួសារជួយសង្រ្គោះទាន់ពេល លុះដល់ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៥ វេលាម៉ោង១២ថ្ងៃត្រង់ រូបគាត់កំពុងតែហូបបាយនៅក្រោមផ្ទះតែម្នាក់ឯង ស្រាប់តែឃើញកូនរបស់គាត់ (សព) ដោយមានភាពស្រវឹងស្រាយ៉ាងខ្លាំង ដើរទៅសួរសំឡុតរូបគាត់ខ្លាំងៗ ថា បានអីហូបបាយម៉ែ ពេលនោះរូបគាត់ឆ្លើយតបទៅវិញថា ម៉ែហូបបាយនិងប្រហុក ភ្លាមនោះកូនរបស់គាត់ (សព) បាននិយាយខ្លាំងៗថា ម្ហូបប៉ុណ្ណេះហូបយ៉ាងម៉ិចច្អែត ហើយព្រមទាំងយកចានបាយបំរ៉ុងនិងគប់ទៅលើក្បាលគាត់ទៀតផង បានមួយសន្ធុះកូនរបស់គាត់ (សព) ក៍បានដើរកាន់សារ៉ុងសូតមួយសំដៅទៅព្រៃខាងកើតភូមិ តែរូបគាត់មិនដឹងថាគេដើរទៅណានោះទេ រហូតដល់វេលាម៉ោងប្រាំមួយល្ងាច បាត់មិនឃើញកូនរបស់គាត់ (សព) ត្រឡប់មកផ្ទះវិញ ក៍ឲ្យកូនរបស់គាត់ឈ្មោះ មុយ ហោះ ភេទប្រុស ត្រូវជាបងបង្កើតរបស់សពទៅដើររក បានមួយសន្ធុះស្រាប់តែកូនរបស់គាត់ឈ្មោះ មុយ ហោះ មកប្រាប់រូបគាត់ថា កូនរបស់គាត់ (សព) បានចងកសម្លាប់ខ្លួននៅដើមព្រីងក្នុងព្រៃខាងកើតភូមិស្លាប់បាត់ទៅហើយ ។
យោងតាមការបំភ្លឺពីសាក្សី ការពិនិត្យទីតាំងកន្លែងកើតហេតុ ពីកម្លាំងសមត្ថកិច្ចជំនាញពិនិត្យវិគាគកន្លែងកើតហេតុ និងមានការចូលរួមបញ្ជាក់ពីគ្រូពេទ្យមណ្ឌលសុខភាពបាគង ឃើញថា ជនរងគ្រោះពិតជាបានស្លាប់ដោយសាធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន ។
ក្រោយការពិនិត្យសាកសពរួច សមត្ថកិច្ចជំនាញបានប្រគល់សពជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។