សមត្ថកិច្ចស្រុកប្រាសាទបាគង ឃាត់ខ្លួនជនល្មើសចំនួន២នាក់ ជាមុខសញ្ញាលួចម៉ូតូដ៏សកម្មក្នុងខេត្តសៀមរាប
ខេត្តសៀមរាប៖ មានករណី អំពើលួច (លួចម៉ូតូ) កើតហេតុនៅចំណុចទំនប់បឹងផ្ដៅ ស្ថិតក្នុងភូមិច្រេស ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប នាវេលាម៉ោង១១និង០០នាទី ត្រូវថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ។
ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ចំពោះប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ទាំងមូល អំពីបញ្ហាសន្តិសុខ សុវត្តិភាព និងមានកិច្ចសម្របសម្រួលនីតិវិធីពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បន្ទាប់ពីទទួលបានព័ត៌មានករណីខាងលើ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តសៀមរាប បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ ចាត់មន្រ្តីក្រោមឱវាទ ឱ្យចុះធ្វើការស្រាវជ្រាវភ្លាមៗ រហូតឃាត់ខ្លួនជនល្មើសចំនួន២នាក់ ដែលជាមុខសញ្ញាប្រព្រឹត្តបទល្មើសយ៉ាងសកម្ម ក្នុងខេត្តសៀមរាប មានឈ្មោះដូចខាងក្រោម ៖
១. ឈ្មោះ រឿម គង់ ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ។
២. ឈ្មោះ ពុត កុសន ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិតានីធម្មជាតិ សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ។
វត្តុតាងដែលសមត្ថកិច្ចដកហូតពីជនសង្ស័យមាន៖ ម៉ូតូចំនួន២គ្រឿង ម៉ូតូទី១ ម៉ាក់សង់ សេរីឆ្នាំ២០២១ ពណ័ខ្មៅ ផ្លាកលេខសៀមរាប ១AK-៦៦៣៣ ( របស់ជនរងគ្រោះ ) និងម៉ូតូទី២ ម៉ាកសង់ សេរីឆ្នាំ ២០១៥ ឡើងតែម ២០១៦ ផ្លាកលេខសៀមរាប ១B-៦៨៥៣ លេខតួលេខម៉ាស៊ីន (ត្រូវបានឈូសលុបរបស់ជនល្មើសជិះសម្រាប់ធ្វើសកម្មភាព ) កូនសោរ ចំនួន៣ , ដង្កាប់ចំនួន៤ ,ម៉ាលេតចំនួន១ ,ខ្សែលួសមួយចំនួន (ឧបករណ៍សម្រាប់ប្រព្រឹត្តបទល្មើស ) ។
បច្ចុប្បន្នជនល្មើសទាំង០២នាក់ខាងលើ ត្រូវបានតុលាការសម្រេចឃុំខ្លួនរួចហើយ ពាក់ព័ន្ធនឹងករណីចំនួន០២៖ ទី១ ករណី អំពើលួច (លួចម៉ូតូ), ទី២ ករណី ប្រើប្រាស់ឯកសារក្លែង ។