ជនល្មើសបានធ្វើសកម្មភាព បាញ់និងកាំភ្លើងឆ្នុក បណ្តាលឲ្យភ្នាក់ងារអភិរក្សប្រាសាទម្នាក់បាត់បង់ជីវិត នៅស្រុកស្វាយលើ ខេត្តសៀមរាប
ខេត្តសៀុមរាប៖ ករណីឃាតកម្ម ដោយជនល្មើសបានធ្វើសកម្មភាព (បាញ់និងកាំភ្លើងឆ្នុក) បណ្តាលឲ្យបុរសម្នាក់ជាភ្នាក់ងារអភិរក្សប្រាសាទស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅមន្ទីរពេទ្យ ហេតុការណ៍បាញ់នេះបានកើតឡើងនៅវេលាម៉ោង ២១ និង ០៥នាទីយប់ ត្រូវថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ នៅចំនុចផ្ទះរបស់ឈ្មោះ សួន ចន្ទ ស្ថិតនៅភូមិថ្មជ្រួញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ។
ជនរងគ្រោះមាន ឈ្មោះ ឌុក ឌឿម ភេទប្រុស អាយុ ៥០ឆ្នាំ មានមុខរបរជាភ្នាក់ងារអភិរក្សប្រាសាទ (អាជ្ញាធរអប្សរា) មានទីលំនៅ នៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប (បានស្លាប់បាត់បង់ជីវិត)។
ចំណែកជនល្មើសមាន ឈ្មោះ លឹម វ៉ាន់ ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិថ្មជ្រួញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ។
ករណីខាងលើនេះតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តសៀមរាប៖ មុនពេលកើតហេតុ នៅវេលាម៉ោងប្រហែល២០ និង ៣០នាទីយប់ ត្រូវថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ ជនល្មើស បានផឹកស្រា និងរាំលេងជាមួយជនរងគ្រោះ និងឈ្មោះ ភឿន ផិត ភេទប្រុស អាយុ ៥២ឆ្នាំ ពេលនោះជនល្មើសបានយកដៃវាយត្រូវចំពងស្វាស របស់ឈ្មោះ ភឿន ផិត មួយទំហឹង ធ្វើអោយឈ្មោះ ភឿន ផិត បានខឹងក៏យកកៅអីជ័រដែលនៅក្បែរនោះវាយទៅលើជនល្មើសវិញ បណ្តាលឲ្យជនល្មើសបែកក្បាល បន្ទាប់មកជនល្មើសបានដើរចេញទៅបាត់ ចំណែកជនរងគ្រោះ បានបន្តអង្គុយផឹកជាមួយឈ្មោះ ភឿន ផិត នៅចំណុចរោងឈើ ក្នុងបរិវេណផ្ទះរបស់ឈ្មោះ សួន ចន្ទ ដែលជាកន្លែងកើតហេតុ លុះដល់ពេលកើតហេតុវេលាម៉ោង២១ និង០៥នាទី ជនល្មើសបានកាន់យកកាំភ្លើងឆ្នុកមកលបបាញ់ ប៉ុន្ដែពុំបានដឹងថារូបខ្លួនបាញ់ចំទៅលើឈ្មោះ ឌុក ឌឿម នោះទេ (បាញ់ច្រឡំ) បណ្តាលឲ្យត្រូវជនរងគ្រោះពីក្រោយ ហើយជនល្មើសរត់គេចខ្លួនបាត់ ភ្លាមៗ ជនរងគ្រោះត្រូវបានដឹកយកទៅមណ្ឌលសុខភាពអន្លង់ធំ ប៉ុន្តែត្រូវបានស្លាប់បាត់បង់ជីវិតទៅហើយ ។
ក្រោយទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញស្រុក និងកម្លាំងប៉ុស្តិ៍ បានចុះដល់ទីតាំងកើតហេតុ ក្នុងនោះលោក វរសេនីយ៍ត្រី ឱ ប៊ុនណេ មេបញ្ជាការកងរាជអាវុធហត្មស្រុកស្វាយលើ បានសហការណ៍ជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌ ដឹកនាំដោយលោក អនុសេនីយ៍ឯក សៀក សោភា នាយការិយល័យព្រហ្មទណ្ឌ បានចុះស្រាវជ្រាវរកជនសង្ស័យជាប់ពាក់ព័ន្ធករណីខាងលើ ឃាត់ខ្លួនបាននៅវេលាម៉ោង ០៦ និង ៥០ នាទីព្រឹក ត្រូវថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ នៅចំណុចដូនអ៊ិន ស្ថិតក្នុងភូមិសក្ដា ឃុំបឹងមាលា ស្រុកស្វាយលើ ។
បច្ចុប្បន្នសមត្ថកិច្ចមូលដ្ឋានកងរាជហត្ថស្រុកស្វាយលើ បានប្រគល់ជនសង្ស័យ និងវត្ថុតាង ឲ្យទៅការិយាល័យជំនាញ នៃកងរាជហត្ថខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី ៕