ហេតុការណ៍ខ្យល់កន្រ្តាក់នៅសៀមរាបល្ងាចមិញនេះ មានមនុស្សរបួសធ្ងន់២នាក់ និងស្រាលម្នាក់


ខេត្តសៀមរាប៖ ករណីខ្យល់កន្រ្តាក់ បានកើតឡើងភ្លាមៗ នៅរសៀលម៉ោង ១៦៖៣០នាទីរសៀលល្ងាច ថ្ងៃទី១៦ មីនា ឆ្នាំ២០២៥ ដែលបណ្ដាលឱ្យមនុស្សចំនួន ៣នាក់រងរបួស ក្នុងនោះរបួសធ្ងន់ចំនួន ២នាក់ និងរបួសស្រាលចំនួនមួយនាក់ ព្រមទាំងដើមឈើតូចធំជាច្រើននៅតាមតំបន់ប្រាសាទបានដួលរលំជាច្រើន ។

អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប លោក លី វណ្ណៈ បានប្រាប់សារព័ត៌មាន ធីញូស៍ ថា៖ មានមនុស្សចំនួន ៣នាក់បានរងរបួស ក្នុងនោះប្រុស០២ ស្រី០១ មានអ្នករបួសធ្ងន់ចំនួន ២នាក់ ដែលបច្ចុប្បន្នបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងមួយនាក់ទៀតរបួសស្រាល ។ លោក វណ្ណៈ បញ្ជាក់ថា អ្នករងរបួសធ្ងន់ ២នាក់ ត្រូវបានដើមឈើដួលសង្កត់ស្ថិតនៅលើកំណាត់ផ្លូវកៅស៊ូចូលប្រាសាទបាគង ក្នុងស្រុកប្រាសាទបាគង និងមួយនាក់ទៀត នៅស្រុកពួក។

តាមមន្រ្តីរដ្ឋបាលខេត្តសៀមរាបដដែល ខ្យល់កន្រ្តាក់ខាងលើនេះបានប៉ះពាល់មួយផ្នែកធំនៅក្នុងខេត្តសៀមរាប រួមមានក្រុងសៀមរាប ស្រុកពួក ស្រុកបន្ទាយស្រី និងក្រុងរុនតាឯកជាដើម។ បច្ចុប្បន្ន អាជ្ញាធរមិនទាន់កំណត់ពីទំហំនៃផលប៉ះពាល់បាននៅឡើយ។

ចំណែកអាជ្ញាធរជាតិអប្សរា ភ្លាមៗក៏បានជូនដំណឹងពីគ្រោះមហន្តរាយធម្មជាតិនេះផងដែរ។ តាមរយៈរូបភាពច្រើនសន្លឹកដែលបង្ហោះផ្សាយនៅលើទំព័រហ្វេសបុកផ្លូវការរបស់អាជ្ញាធរជាតិអប្សរា គេឃើញមានដើមឈើតូចធំ បានដួលកាត់ផ្លូវ ខ្លះសង្កត់ថ្មប្រាសាទជាដើម ដូចជានៅប្រាសាទអង្គរវត្ត បាយ័ន ទក្សិណអង្គរវត្ត និងប្រាសាទបន្ទាយស្រី ជាដើម ៕

អត្ថបទពាក់ព័ន្ធ