អាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យ៤នាក់ ក្រោយកាប់មកលើជនរងគ្រោះម្នាក់ បណ្តាលរងរបួស នៅមុខម៉ាតថេមផល


ខេត្តសៀមរាប៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យបានចំនួន ៤ នាក់ ពាក់ព័ន្ធករណី ហិង្សាដោយចេនាមានស្ថានទម្ងន់ទោស កាប់និងកាំបិតតាំតោ មកលើជនរងគ្រោះម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ។

ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប និងមានកិច្ចសម្របសម្រួលនីតិវិធីពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បន្ទាប់ពីទទួលបានព័ត៌មានករណីខាងលើ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ ចាត់មន្រ្តីក្រោមឱវាទ ដោយមានការដឹកនាំផ្ទាល់ ពីលោកអនុសេនីយ៍ឯក សៀក សោភា នាយការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថខេត្ត បានចុះធ្វើការស្រាវជ្រាវភ្លាមៗ រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ៤នាក់ ៖

ទី១ មានឈ្មោះ ទឹម ម៉េងលាង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរអ្នកគិតប្រាក់ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមមរាប ខេត្តសៀមរាប។
ទី២ មានឈ្មោះ សយ គឹមសាន ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរជាងកាត់សក់ មានទីលំនៅ ភូមិអូរទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
ទី៣ មានឈ្មោះ សូវ សូ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរដឹកម្ហូប ស្នាក់នៅបន្ទប់ជួល ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមមរាប ខេត្តសៀមរាប ។
និងទី៤ មានឈ្មោះ មន្នី ចំរើន ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរចុងភៅ រស់នៅភូមិថ្នល់បណ្ដោយ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

តាមរបាយការណ៍កម្លាំងជំនាញ នៃកងរាជអាវុធហត្ថខេត្ត បានបញ្ជាក់ថា ៖ កាលពីវេលាម៉ោង ០២:៣០នាទីយប់ ឈានចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ នៅត្រង់ចំណុចមុខម៉ាតថេមផល ក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប មានករណីហិង្សាដោយជនសង្ស័យ ១ក្រុម មានគ្នាចំនួន ៤នាក់ ភេទប្រុស មិនស្គាល់ឈ្មោះ ជិះម៉ូតូ ចំនួន ២គ្រឿង (ម៉ាកសង់ឌ្រីម ពណ៌ខ្មៅ និងម៉ាក scoopy ពណ៌ស) មានកាំបិតចំនួន ០៣ដើម (តាំងតោចំនួន ០២ដើម) បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ មានឈ្មោះ ឌី ពិសិដ្ឋដានី ភេទប្រុស អាយុ ១៤ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិជ្រៃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បណ្ដាលឲ្យរងរបួស ត្រង់កដៃស្ដាំ ប្រអប់ដៃឆ្វេង និងក្រោមក្បាលជង្គង់ខាងស្ដាំ ក្រោយពីធ្វើសកម្មភាពរួចជនបង្កបានជិះម៉ូតូគេចខ្លួន ។ ចំណែកជនរងគ្រោះបច្ចុប្បន្ន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។

តាមរបាយការណ៍បានបញ្ជាក់ទៀតថា ៖ ក្រោយជនសង្ស័យធ្វើសកម្មភាព អាវុធហត្ថខេត្តបានទទួលពាក្យបណ្តឹងពីម្តាយជនរងគ្រោះ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញាជនបង្កឃាត់ខ្លួនបានម្នាក់មានឈ្មោះ ទឹម ម៉េងលាង នៅតាមផ្លូវលូ ស្ថិតក្នុងភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បាននាំខ្លួនមកសួរនាំដោយឈ្មោះ ទឹម ម៉េង លាង បានឆ្លើយសារភាពថាខ្លួនបានធ្វើសកម្មភាពរួមជាមួយបក្ខពួក ៣នាក់ទៀត លុះរហូតមកដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២៥ កម្លាំងជំនាញបានស្រាវជ្រាវ និងបន្ដឃាត់ខ្លួនបានបក្សពួកចំនួន ០៣ នាក់ បន្ថែមទៀត ។ ក្រោយពីការសួរនាំជនសង្ស័យទាំង ៣នាក់ បានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន ។

វត្ថុតាងចាប់យករួមមាន មានម៉ូតូចំនួន ២គ្រឿង និងកាំបិតតាំងតោ ចំនួន ០២ដើម ។

បច្ចុប្បន្នការិយាល័យជំនាញ នៃកងរាជអាវុធហត្ថខេត្តសៀមរាប កំពុងកសាងសំណុំដើម្បីបញ្ចូនក្មេងទំនើងទាំង ៤ នាក់ ខាងលើទៅសាលាដំបូងខេត្ត ។

អត្ថបទពាក់ព័ន្ធ