រន្ទះបាញ់បុរសម្នាក់ស្លាប់ភ្លាមៗ នៅស្រុកពួក ខណៈកំពុងបើកគោយន្តកន្រ្តៃភ្ជួរដីស្រែ
ខេត្តសៀមរាប៖ មានភ្លៀងធ្លាក់តិចៗ លាយផ្គររន្ទះ បានបាញ់បុរសម្នាក់ស្លាប់ភ្លាមៗ កំពុងបើកគោយន្តកន្រ្តៃភ្ជួរដីស្រែ ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង ១៥:៣០នាទីរសៀល ត្រូវថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅចំណុចត្រពាំងកេមត្រី ខាងលិចភូមិគោករាំង ប្រហែល ១០០០ម៉ែត្រ ក្នុងឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប ។
សពជនរងគ្រោះ មានឈ្មោះ អេ ជឿត ភេទ ប្រុសអាយុ៣៧ ឆ្នាំ មុខរបរ កសិករ នៅភូមិគោករាំង ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប ។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា៖ ឈ្មោះ អេ ជឿត កំពុងបើកគោយន្តកន្រ្តៃភ្ជួរដីស្រែ នៅចំណុចត្រពាំងកេមត្រី ខណៈពេលកំពុងភ្ជួរដី មានភ្លៀងធ្លាក់តិចៗ លាយជាមួយខ្យលផ្គររន្ទះ គាត់នៅបន្តភ្ជួរដី ក៏ត្រូវបានរន្ទះបាញ់ចំជនរងក្រោះដែលកំពុងភ្ជួរដីស្រែបណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្ដង ។
ករណីនេះ សមត្ថកិច្ចជំនាញ បានចុះទៅដល់កន្លែងកើតហេតុពិនិត្យសាកសព សន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់ពិតប្រាកដមែន។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនទៅក្រុមគ្រួសារនៃសព ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕