តុលាការខេត្តសៀមរាប ចេញដីកាឃុំខ្លួនលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ដាក់ពន្ធនាគារ


ខេត្តសៀមរាប៖ តុលាការខេត្តសៀមរាប បានចេញដីកាឃុំខ្លួន លោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ដាក់ពន្ធនាគារ ក្រោមការចោទប្រកាន់ចំនួន ៣បទល្មើស ។ ក្នុងនោះមានបទ ប៉ុនប៉ងសូកប៉ាន់, បទប្ដឹងបរិហារដោយភូតកុហក និងបទសូកប៉ាន់ ។

ជនត្រូវចោទ មានឈ្មោះ សម្បត្តិ កុសល ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរជាមន្រ្តីនគរបាល មានឋានៈជាឧត្តមសេនីយ៍ត្រី (ផ្កាយ១) កើតថ្ងៃទី៧ ខែមករា ឆ្នាំ១៩៨៤ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទីកន្លែងកំណើតសង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្នភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួន ហើយបញ្ជូនទៅតុលាការខេត្តសៀមរាប រហូតចៅក្រមចេញដីកាឃុំខ្លួនតែម្តង ។

ក្នុងដីកាបានបញ្ជាក់ថា ពីបទ ប៉ុនប៉ងសូកប៉ាន់ ប្រព្រឹត្តនៅខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌ ដែលចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា ២៧ និង មាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ, ពីបទ ប្តឹងបរិហារដោយភូតកុហក ប្រព្រឹត្តនៅខេត្តសៀមរាប កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤១ នៃច្បាប់ស្តីពីការ ប្រឆាំងអំពើពុករលួយ និងពីបទ សូកប៉ាន់ ប្រព្រឹត្តនៅហាងការហ្វេ Brown Riverside (សាខាមាត់ទន្លេ) រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែលចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ ។

សូមរំលឹកថា លោក សម្បត្ដិ កុសល ធ្លាប់មានរឿងរ៉ាវប្ដឹងផ្ដល់ជាមួយនឹងស្ដ្រីឈ្មោះ ចិន ស្រីដា ដែលជាម្ចាស់បំណុលនៅខេត្ដសៀមរាប ។ ឈ្មោះ ចិន ស្រីដា នេះ គឺជាម្ចាស់បំណុលរបស់ឈ្មោះ រាំង ភិរម្យ ហើយ រាំង ភិរម្យ នេះមានប្តីឈ្មោះ សម្បត្តិ កុសល ជាអតីតស្នងការរងខេត្តបន្ទាយជ័យ និងបានផ្ទេរភារកិច្ច ឱ្យមកបម្រើការងារនៅនាយកដ្ឋានវិទ្យុទាក់ទង ចំណុះ អគ្គស្នងការដ្ឋាននគរបាលជាតិ ។ ឈ្មោះ សម្បត្តិ កុសលបានប្តឹងឈ្មោះ ចិន ស្រីដា ទៅតុលាការពី បទគំរាមកំហែងបង្ហោះសារបរិហារកេរ្តិ៍ មកលើរូបលោក ក្នុងរឿងដែលប្រពន្ធខ្លួនបានខ្ចីបំណុល អំពីការពាក់ព័ន្ធទៅនឹងការដំឡើងបុណ្យសិក្ត័ រហូតដល់ម្ចាស់បំណុលត្រូវជាប់ពន្ធនាគារ ២ឆ្នាំថែមទៀតផង ពីបទ “គំរាមកំហែងហែកកេរ្ដិ៍” ។ ប៉ុន្ដែសំណុំរឿងនេះក៏បន្ដប្ដឹងផ្ដល់ដល់សាលាឧទ្ធរណ៍ ដោយនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ សាលាឧទ្ធរណ៍បាត់ដំបង បានសម្រេចអនុវត្ដទោសម្ចាស់បំណុលក្នុងពន្ធនាគារត្រឹមរយៈពេលឃុំខ្លួនបណ្តោះអាសន្នប៉ុណ្ណោះ ហើយទោសនៅសល់ត្រូវព្យួរ ។

អត្ថបទពាក់ព័ន្ធ