តៃកុងឡានបែនដឹកដីម្នាក់ បែនចាក់ដីមិនប្រយ័ត្នប៉ះចំខ្សែភ្លេីង បណ្ដាលឲ្យឆក់ស្លាប់ នៅស្រុកប្រាសាទបាគង


ខេត្តសៀមរាប ៖ យុវជនម្នាក់ជាតៃកុងឡានបែនដឹកដី បែនចាក់ដីមិនប្រយ័ត្នប៉ះចំខ្សែភ្លេីង បណ្ដាលឲ្យឆក់ស្លាប់ កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅដីឡូតិ៍មួយកន្លែង តាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

ជនរងគ្រោះមានឈ្មោះ ចក់ ចិត្ត ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរអ្នកបេីកបររថយន្ត មានទីលំនៅភូមិច្រេស ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា៖ ជនរងគ្រោះបានបើករថយន្តបែនដឹកដីថយក្រោយ ហើយបែនចាក់ដី នៅទីតាំងកើតហេតុខាងលើ ស្រាប់តែបែនមិនមើលខ្សែភ្លើងនៅខាងលើ ទ្រុងបែនក៏ប៉ះចំខ្សែភ្លើង បណ្តាលឲ្យឆេះកង់រថយន្តផ្នែកខាងមុខ បន្ទាប់មកជនរងគ្រោះបានចុះពីលើរថយន្តដើម្បីទៅពិនិត្យកង់ដែលឃើញឆេះ ក្រោយពីបានពិនិត្យរួចរាល់ហើយ បម្រុងនឹងឡើងលើរថយន្តវិញ ស្រាប់តែពេលចាប់កាន់ទ្វារបើកក៏បណ្តាលឲ្យឆក់ដួលរងរបួសធ្ងន់ ភ្លាមៗប្រជាពលរដ្ឋដែលនៅជិតនោះទៅជួយជនរងគ្រោះ ឃើញជនរងគ្រោះស្រែកថា ឈឺចង្កេះ ចុកទ្រូង អស់កម្លាំង ប្រជាពលរដ្ឋបានឲ្យជនរងគ្រោះអង្គុយចុះដើម្បីធ្វើចលនាជួយរីតទ្រូង និងធ្វើចង្វាក់បេះដូង បន្ទាប់មកពួកគេក៏បានដឹកជនរងគ្រោះទៅមណ្ឌលសុខភាពនៅជិតនោះ តែជាអកុសលជនរងគ្រោះបានបាត់បង់ជីវិត ពេលទៅដល់មណ្ឌលសុខភាពឃុំត្រពាំងធំ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានការធ្វេីកោសល្យវិច័យលើជនរងគ្រោះ ដោយសន្និដ្ឋានថា ពិតជាស្លាប់ដោយសារឆក់ខ្សែភ្លេីងពិតប្រាកដ ។ ចំណែកសាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនសាច់ញ្ញាតិយកធ្វេីបុណ្យតាមប្រពៃណី ៕

អត្ថបទពាក់ព័ន្ធ