កម្លាំងសមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី ហិង្សាដោយចេតនា ប្រឆាំងនឹងអ្នករាជការសាធារណៈ

ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ពាក់ព័ន្ធករណី ហិង្សាដោយចេតនា ប្រឆាំងនឹងអ្នករាជការសាធារណៈ ការអនុវត្តនេះ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។

ជនសង្ស័យមានឈ្មោះ ទី គឹមហួរ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។

តាមការចុះផ្សាយទំព័រហ្វេសប៊ុកផេក ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់ថា៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៤រសៀល កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានដាក់គោលដៅរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅត្រង់ចំណុចខាងលិចស្ពានព្រះឥន្ទកោសី ដែលស្ថិតនៅក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ លុះដល់វេលាម៉ោង ១៥:២០នាទី ជនសង្ស័យខាងលើ មានឈ្មោះ ទី គឹមហួរ បានធ្វើដំណើរឆ្លងកាត់គោលដៅរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយពុំបានពាក់មួកការពារសុវត្ថិភាព ក៏ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជាឱ្យឈប់ តែជនសង្ស័យខាងលើមិនព្រមឈប់ហើយបានធ្វើសកម្មភាពលើកជើងខាងឆ្វេងរបស់ខ្លួនធាក់ទៅលើកម្លាំងនគរបាលចរាចរណ៍ ដែលកំពុងអនុត្តច្បាប់ចរាចរណ៍ផ្លូវគោក ។

ក្រោយកម្លាំងសម្ថកិច្ចធ្វើការឃាត់ខ្លួន មកធ្វើការសួរនាំ តាមចម្លើយសារភាពជនសង្ស័យ ឈ្មោះ ទី គឹមហួរ ហៅទុយ បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពលើកជើងខាងឆ្វេងរបស់ខ្លួន ធាក់ទៅលើនគរបាលចរាចរណ៍ដែលកំពុងរឹតបន្តឹងការអនុត្តច្បាប់ចរាចរណ៍ផ្លូវគោកពិតប្រាកដមែន ។

ជនសង្ស័យខាងលើត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីអនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់ ។ បច្ចុប្បន្នជនត្រូវចោទរូបនេះ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប ចេញដីកាបង្កាប់ឱ្យឃុំខ្លួន នៅពន្ធនាគារខេត្តសៀមរាប ៕

អត្ថបទពាក់ព័ន្ធ