ប្តីប្រពន្ធ០២នាក់ ជិះម៉ូតូឌុបគ្នាទៅលួចម៉ូតូ នៅចំណុចផ្សារពួក ទាំងព្រឹក ត្រូវកម្លាំងអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនបានប្រពន្ធ ចំណែកប្តីរត់គេចខ្លួន


ខេត្តសៀមរាប៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១ នាក់ ភេទស្រី ក្នុងចំណោមបក្សពួក ០២នាក់ ជាប្ដីប្រពន្ធ ពាក់ព័ន្ធនឹងករណី អំពើលួចមានស្ថានទម្ងន់ទោស (លួចម៉ូតូ) ដែលប្រព្រឹត្តនៅចំណុចផ្សារពួក ក្នុងស្រុកពួក ខេត្តសៀមរាប កាលពីវេលាម៉ោង ០៥ ព្រឹក ត្រូវថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ។

ជនសង្ស័យទី១ មានឈ្មោះ ម៉ូត វីរៈ ត្រូវជាប្ដី (រត់គេចខ្លួន) និងជនសង្ស័យទី២ មានឈ្មោះ សោម សុផល ភេទស្រី អាយុ ៣២ឆ្នាំ ត្រូវជាប្រពន្ធ ដែលជាប់ពាក់ព័ន្ធករណីលួចម៉ូតូ ។

តាមចម្លើយសារភាពជនសង្ស័យមានឈ្មោះ សោម សុផល ដែលត្រូវជាប្រពន្ធ បានបំភ្លឺថា ៖ នៅម៉ោងប្រមាណជាង២២យប់ ត្រូវថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ រូបខ្លួនបានជិៈម៉ូតូ ម៉ាកហុងដា សេ125 សេរីឆ្នាំ2018 ពណ៏ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1AB-5757 កាំបន្ទះពណ៏ខ្មៅ (ម៉ូតូរបស់ជនសង្ស័យ) មកដល់ផ្ទះរបស់ខ្លួន នៅភូមិបឹងខ្នារ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប បានចូលដេកលុះជិតភ្លឺមិនចាំម៉ោង ត្រូវថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ បានដឹកប្តីរបស់ខ្លួន មកដាក់នៅខាងកើតស្ពានថ្ម ផ្លូវជាតិលេខ6 ខាងកើតផ្សារពួក លុះព្រឹកថ្ងៃដដែល ខ្លួនបានជិៈម៉ូតូ ទៅជួបប្តី ឈ្មោះ ម៉ូត វីរៈ ដោយឃើញប្តីរបស់ខ្លួនមានជិៈម៉ូតូ ម៉ាកហុងដា 01 គ្រឿង មកជាមួយដែរ បានជិៈចូលទៅក្នុងផ្ទះឈ្មោះ ហួត ហ៊ាន ភេទប្រុស អាយុ ៥៥ឆ្នាំ នៅភូមិគោកថ្មី ឃុំពួក ស្រុកពួក ហើយឈ្មោះ ម៉ូត វីរះ ជាប្តីខ្លួនបានដោះកង់ម៉ូតូរបស់ខ្លួន មានកាំបន្ទះពណ៏ខ្មៅ ដូរដាក់ម៉ូតូគាត់ជិៈ (ម៉ូតូរបស់ជនរងគ្រោះ) ហើយបានយកកង់ម៉ូតូ ដែលប្ដីជិៈមកមានកាំរាយមកដាក់ម៉ូតូរបស់ខ្លួនវិញ ហើយប្តីខ្លួនបានជិៈម៉ូតូនោះ (ម៉ូតូរបស់ជនរងគ្រោះ) ចេញពីផ្ទះឈ្មោះ ហួត ហ៊ាន នោះទៅទិសខាងលិច ចំណែកខ្លួនបានជិៈម៉ូតូរបស់ខ្លួនមកផ្ទះវិញនៅភូមិបឹងខ្នារ ឃុំខ្នាត ស្រុកពួកវិញ ។

ជនសង្ស័យបានបន្តទៀតថា ៖ ពេលនេះខ្លួនមិនដឹងថា ឈ្មោះ ម៉ូត វីរះ ជាប្តីខ្លួន ជិៈម៉ូតូនោះទៅណាទេ ។

តាមការពិនិត្យចំពោះម៉ូតូដែលជនសង្ស័យ មានឈ្មោះ សោម សុផល និងប្តីឈ្មោះ ម៉ូត វីរៈ ជិៈពីប៉ោយប៉ែតមកកាន់ខេត្តសៀមរាប គឺគ្មានឯកសារសំគាល់ច្បាស់លាស់បញ្ជាក់ថាម៉ូតូនោះត្រឹមត្រូវទេ ។

បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប បញ្ជូនខ្លួនជនសង្ស័យមានឈ្មោះ សោម សុផល ដែលត្រូវជាប្រពន្ធ ទៅសាលាដំបូងខេត្តសៀមរាប ដើម្បីអនុវត្តតាមនីតិវិធីផ្លូវច្បាប់ ។ ចំណែកជនសង្ស័យជាប្តី មានឈ្មោះ ម៉ូត វីរៈ ដែលបានរត់គេចខ្លួន កម្លាំងការិយាល័យជំនាញ កំពុងស្រាវជ្រាវបន្តស្វែងរក ។

អត្ថបទពាក់ព័ន្ធ