អាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ៤ នាក់ ពាក់ព័ន្ធករណី លួចគាស់តូបលក់មីហិលពលរដ្ឋ​នៅស្រុកវ៉ារិន ​


ខេត្តសៀមរាប ៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យបានចំនួន ៤ នាក់ ពាក់ព័ន្ធករណី អំពើលួចមានស្ថានទម្ងន់ទោស (គាស់តូបលក់មីហិល) នៅចំណុចត្រពាំងតាត្រាវ ភូមិទល់រមៀត ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប កាលពីយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ។

ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បន្ទាប់ពីទទួលបានព័ត៌មានករណីខាងលើ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ ចាត់មន្រ្តីកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ សហការជាមួយកងរាជអាវុធហត្ថស្រុកវ៉ារិន និងកងរាជអាវុធហត្ថស្រុកអង្គរជុំ បានចុះធ្វើការស្រាវជ្រាវភ្លាមៗ រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ៤នាក់ ។

តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា​ ៖ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណចំនួន ០៤នាក់ ជិះម៉ូតូម៉ាកហុងដា ឌ្រីម ចំនួន ០២គ្រឿង បានធ្វើសកម្មភាពចូលលួចគាស់តូប ជនរងគ្រោះ ប៉ុន្តែត្រូវជនរងគ្រោះដឹងទាន់ និងបានស្រែកឱ្យគេជួយ  ពេលនោះជនសង្ស័យបានរត់គេចខ្លួនចូលព្រៃសហគមតែម្ដង ដោយជនសង្ស័យបានបន្សល់ទុក ម៉ូតូ ចំនួន ០២គ្រឿង ម៉ាកហុងដាឌ្រីម ។ ក្រោយពីទទួលពាក្យបណ្តឹង របស់ជនរងគ្រោះ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប បានធ្វើការស្រាវ ជ្រាវរកមុខសញ្ញាដែលធ្វើសកម្មភាពខាងលើ រហូតដល់ម៉ោង ០៩:០២ នាទី ត្រូវថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងជំនាញការិយាល័យ និងកម្លាំងជំនាញអាវុធហត្ថស្រុកវ៉ារិន ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១ នាក់ និងបន្តសហការជាមួយអាវុធហត្ថស្រុកអង្គរជុំ ឃាត់ខ្លួនបានចំនួន ០៣ នាក់ បន្ថែមទៀត នៅវេលា ម៉ោង ១៣:៣០នាទី ថ្ងៃខែឆ្នាំដដែល ។

ក្រោយពីស្ដាប់ចម្លើយសារភាពរបស់ជនសង្ស័យទាំង ០៤នាក់ ខាងលើ ពួកគេបានបំភ្លឺដូចៗគ្នាថា ៖ ពួកគេពិតជាបានធ្វើសកម្មភាពចូលលួចគាស់តូបរបស់ជនរងគ្រោះពិតមែន ។

ទ្រព្យសម្បត្តិដែលបាត់បង់ មានស្រាបៀចំនួន ០៧កេស, ទឹកក្រូចចំនួន ០៤កេស ។

បច្ចុប្បន្នការិយាល័យជំនាញ នៃកងរាជអាវុធហត្ថខេត្តសៀមរាប កំពុងកសាងសំណុំរឿង ដើម្បីបញ្ចូនជនសង្ស័យទាំង ៤ នាក់ ខាងលើ ទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីផ្លូវច្បាប់ ។

អត្ថបទពាក់ព័ន្ធ