កងរាជអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យ ៤ នាក់ បញ្ជូនទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណី ធ្វើអោយខូចខាតដោយចេតនា និងកាន់កាប់អាវុធសម្រាប់ប្រហារផ្សេងទៀត
ខេត្តសៀមរាប ៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យបានចំនួន ៤ នាក់ ពាក់ព័ន្ធករណី ធ្វើអោយខូចខាតដោយចេតនា និងកាន់កាប់អាវុធសម្រាប់ប្រហារផ្សេងទៀត ការឃាត់ខ្លួននេះធ្វើឡើងនៅចំណុច ភូមិគោកពោធិ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប កាលពីវេលាម៉ោង ២១យប់ ត្រូវថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ។
ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បន្ទាប់ពីទទួលបានព័ត៌មានករណីខាងលើ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានដាក់បទបញ្ជាផ្ទាល់អោយលោកប្រធានមន្ទីស្រាវជ្រាវ និងបង្ក្រាបបទលើ្មស និងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពួក សហការគ្នាស្រាវជ្រាវភ្លាមៗ រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ៤នាក់ ។
ជនសង្ស័យទី១ មានឈ្មោះ ហែម គុណ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរជាងចម្លាក់ថ្ម រស់នៅភូមិតាស្នេហ៍ ឃុំដូនកែវ ស្រុកពួក ។
ជនសង្ស័យទី២ មានឈ្មោះ ពឿត តៃពុន ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិតាស្នេហ៍ ឃុំដូនកែវ ស្រុកពួក ។
ជនសង្ស័យទី៣ មានឈ្មោះ ឈង់ ឆាំ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិតាស្នេហ៍ ឃុំដូនកែវ ស្រុកពួក ។
ជនសង្ស័យទី៤ មានឈ្មោះ ភន ភិន អាយុ ១៦ឆ្នាំ រស់នៅភូមិពាម ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ។
និងចំណែកបក្ខពួកចំនួន ០៤នាក់ផ្សេងទៀត បានរត់គេចខ្លួនបាត់ ។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ៖ នៅវេលាម៉ោង២១យប់ ត្រូវថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ក្នុងខណៈពេលដែល ជនរងគ្រោះ មានឈ្មោះ ចិត្រ រិទ្ធី ភេទប្រុស បានដឹកស្រីម្នាក់ដែលជាអតីតសង្សារ ជនសង្ស័យ មានឈ្មោះ នី និត្យ ភេទប្រុស (បានរត់គេចខ្លួន) ពេលឃើញដូចនោះ ឈ្មោះនី និត្យ បានជិៈម៉ូតូតាម ហើយបានដោះស្បែកជើងវាយក្បាលជនរងគ្រោះ (តែវ៉ៃខុស) ពេលនោះ ឈ្មោះ ចិត្រ រិទ្ធី ខឹងក៍បានជិៈម៉ូតូមកហៅបក្ខពួកខ្លួន០៣នាក់ ទៅជួបឈ្មោះ នី និត្យ តែពេលជិៈទៅមិនឃើញក៍ជិះត្រឡប់មកវីញស្រាប់តែឈ្មោះ នី និត្យ និងបក្ខពួក បានជិៈម៉ូតូដេញកាប់ជនរងគ្រោះ និងបក្ខពួក ជាហេតុបណ្តាលអោយខូចខាតក្បាលម៉ូតូរបស់ជនរងគ្រោះ ។
ក្រោយពីឃាត់ខ្លួនមកសួរនាំជនសង្ស័យទាំង០៤នាក់បានឆ្លើយសារភាពថា ៖ ពួកខ្លួនពិតជាបាននាំគ្នាជិះម៉ូតូប្រដាប់ដោយដាវ ជិះដេញកាប់ទៅលើជនរងគ្រោះពិតមែន ។
វត្ថុតាងចាប់យកមាន ៖ ម៉ូតូចំនួន ០៣គ្រឿង ដាវចំនួន ០២ដើម និងទូរសព្ទ័ចំនួន ០៣គ្រឿង ។
បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ខាងលើ ត្រូវបានការិយាល័យជំនាញ នៃកងរាជអាវុធហត្ថខេត្តសៀមរាប កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី ។