កម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធនឹងករណីអំពើលួច មានស្ថានទម្ងន់ទោស​ (លួចម៉ូតូ ,ទូរស័ព្ទ​ និងគ្រឿងអលង្ការ)


ខេត្តសៀមរាប៖ ដោយមានការយកចិត្តទុកដាក់ ជាប្រចាំពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តសៀមរាប ស្តីពីការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្កា​ បង្រ្កាបរាល់បទល្មេីសគ្រប់ប្រភេទ​ និងប្រតិបត្តការចុះបង្រ្កាបជនសង្ស័យខាងលើ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់លោក វរសេនីយ៍ឯក ដា ចំរេីន អធិការនគរបាលក្រុងសៀមរាប ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឃាត់ខួនជនសង្ស័យបានចំនួន ០២ នាក់ ៖

ទី០១ មានឈ្មោះ រ៉ុត រ៉ុង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្ស មានស្រុកកំណើតភូមិពន្លឺព្រះផុស ឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប   និងទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។
ទី០២ មានឈ្មោះ ម៉ុន វិច្ឆិកា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកកំណើតរាជធានីភ្នំពេញ និងទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។  រីឯបក្សពួកជនសង្ស័យ​ដែលរត់គេចខ្លួន​ កំពុងស្រាវជ្រាវបន្ត​ ។

តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា៖ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១២,០០នាទី មានជនរងគ្រោះឈ្មោះ JEAN MOREL ភេទប្រុស អាយុ៧៧ឆ្នាំ ជនជាតិបារាំង សញ្ជាតិខ្មែរ មុខរបរទីប្រឹក្សា អ ម ទីស្ដីការគណៈរដ្ឋមន្រ្តី ស្នាក់នៅផ្ទះជួល ភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង.ខេត្តសៀមរាប បានមកដាក់ពាក្យបណ្ដឹងរាយការណ៍ជូនសមត្ថកិច្ចយើងថា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង០៧,០០នាទី នៅចំណុចភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង.ខេត្តសៀមរាប មានជនមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពចូលទៅក្នុងផ្ទះរបស់ខ្លួន លួចយកម៉ូតូចំនួន ០១ គ្រឿង ម៉ាកហុងដាឃ្លិច សេ១២៥ ពណ៌ក្រហម ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខ ភ្នំពេញ 1KM 9284 ដែលមានលេខតួ ៨០៨២៨៤៨ ,ទូរសព្ទចំនួន០១គ្រឿង ម៉ាកIPHONE XS MAX ពណ៌ខ្មៅ ចំនួន ០១ គ្រឿង ,នាឡិកា ម៉ាក KALVIN KLEIN ចំនួន ០៥ គ្រឿង ,IPAD MINI4 ពណ៌មាស ចំនួន ០១ គ្រឿង ,អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរ ចំនួន០១សន្លឹក និងសោរមួយចង្កោម រួចគេចខ្លួនបាត់ ។​ ក្រោយពីទទួលបានពាក្យបណ្ដឹង កម្លាំងជំនាញ​ ដឹកនាំបញ្ជារផ្ទាល់ដោយ​ លោកវរសេនីយ៍ឯក​ ដា​ ចំរេីន​ អធិការនគរបាលក្រុងសៀមរាប​ បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវ រហូតដល់កំណត់មុខសញ្ញាបាន ទើបនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១១,០០នាទី នៅចំណុចបន្ទប់ជួល នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ០២ នាក់ រួមទាំងវត្ថុតាង (នាឡិកាចំនួន០៣គ្រឿង ,IPAD ចំនួន០១គ្រឿង,ម៉ាកIPHONE XS MAX ពណ៌ខ្មៅ ចំនួន០១គ្រឿង) យកមកសួរនាំ ក្រោយពីសួរនាំជនសង្ស័យឈ្មោះ រ៉ុត រ៉ុង បានឆ្លើយសារភាពថា ៖​ ខ្លួន និងបក្ខពួក ពិតជាបានធ្វើសកម្មភាពចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះ និងលួចសម្ភារៈខាងលើ  ពិតប្រាកដមែន និងបានយកម៉ូតូ ចំនួន ០១ គ្រឿង ម៉ាកហុងដាឃ្លិច សេ១២៥ ពណ៌ក្រហម ស៊េរីឆ្នាំ២០២១ យកលក់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ដោយមានចូលរួមសហការពី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ​កម្រិតស្រាល​ និងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ​ បានបន្តស្រាវជ្រាវយកម៉ូតូរបស់ជនរងគ្រោះ​ នៅក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​ ។

វត្ថុតាងរួមមាន៖​ ទូរស័ព្ទ ចំនួន០៤គ្រឿង ,IPAD ចំនួន០១គ្រឿង,​ នាឡិកា ចំនួន០៣គ្រឿង,​ ម៉ូតូរបស់ជនរងគ្រោះ​ ម៉ាកហុងដាឃ្លិច​ ចំនួន០១គ្រឿង​ និងម៉ូតូជនសង្ស័យធ្វើសកម្មភាពចំនួន០១គ្រឿង​ ។

ជនសង្ស័យទាំង០២នាក់ខាងលើ បច្ចុប្បន្នសមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ៕ រីឯវត្ថុតាងដកហូត​ បានប្រគល់ជូនជនរងគ្រោះវិញផងដែរ​៕

អត្ថបទពាក់ព័ន្ធ