កម្លាំងអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី អំពើលួចលុយ (កេងបន្លំតាមស្នាក់ការវីង)


ខេត្តសៀមរាប ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ឃាត់ខ្លួន ពាក់ព័ន្ធករណី អំពើលួចលុយ (កេងបន្លំតាមស្នាក់ការវីង) ការឃាត់ខ្លួននេះធ្វើឡើង នៅវេលាម៉ោង១៥​និង៣០នាទីរសៀល​ ត្រូវថ្ងៃទី២៦​ ខែមិថុនា​ ឆ្នាំ២០២៥​ នៅក្នុងភូមិសាស្រ្តទឹកដីស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

ជនសង្ស័យមានឈ្មោះ LUO GONGZHENG (លូ ហ្គាំងហ្សាំង) ភេទប្រុស អាយុ ៤៨ឆ្នាំ (ជាជនជាតិចិន) ។

តាមប្រភពបានឲ្យដឹងថា៖ នៅម៉ោង១៧និង២៧នាទីរសៀល ត្រូវថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ប្រជាពលរដ្ឋដែលជាអាជីវករវីង នៅផ្សារកន្រ្តក ក្រុងសៀមរាប បានរាយការណ៍ចូលគ្រុបតេលេក្រាម ព័ត៌មានខេត្តសៀមរាប របស់អង្គភាពសារព័ត៌មាន ធីញូស៍ (THY News) ថា ឃើញជនសង្ស័យខាងលើ ពាក់ព័ន្ធករណី អំពើលួចលុយ (កេងបន្លំតាមស្នាក់ការវីង) គ្រប់កន្លែងក្នុងក្រុងសៀមរាប ។

ក្រោយទទួលបានព័ត៌មាននេះភ្លាម អ្នកយកព័ត៌មាន ធីញូស៍ (THY News) បានរាយការណ៍ទៅកាន់សមត្ថកិច្ចក្នុងមូលដ្ឋានខេត្តសៀមរាបភ្លាមៗ ដើម្បីជួយអន្តរាគមន៍តាមស្វែងរកជនសង្ស័យខាងលើនេះ ។

លុះដល់ថ្ងៃទី២៦​ ខែមិថុនា​ ឆ្នាំ២០២៥​ វេលាម៉ោង១៥​ និង៣០នាទី​ កម្លាំងអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបានដើរល្បាត ក៏បានឃេីញមុខសញ្ញា ដូចនៅក្នុងសង្គមហ្វេសបុក និងតេលេក្រាម​ ដែលបានបង្ហោះ មានសកម្មភាពដេីរដូរលុយតាមស្នាក់ការវីង នៅក្នុងស្រុកប្រាសាទបាគង​ ដោយបងប្អូនអជីវករ បានទទួលព័ត៌មុន ទេីបជនសង្ស័យខាងលេីធ្វេីសកម្មភាពបន្លំលួចលុយមិនបាន​ ហេីយកម្លាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងដេីម្បីសាកសួរ​ ។

សូមរំលឹកថា កន្លងទៅ នៅក្នុងបណ្តាញសង្គមហ្វេសបុក បានឃើញការបង្ហោះពីសកម្មភាពវីឌីអូ មានជនសង្ស័យម្នាក់ ភេទប្រុស​ បានធ្វេីសកម្មភាពលួចលុយ (​កេងបន្លំលុយតាមស្នាក់ការវីង)​ នៅក្នុងខេត្តត្បួងឃុំ​ កាលពីថ្ងៃទី៤​ ខែឧសភា​ ឆ្នាំ២០២៥​ វេលាម៉ោង១៤និង៣០នាទី​ អស់លុយចំនួន​ ៥ ០០០ ០០០៛​ (ប្រាំលានរៀល)​ និងនៅក្នុងខេត្តក្រចេះផងដែរ តែមិនដឹងចំនួនទឹកលុយ ។

វត្ថុតាងដកហូតរួមមាន៖ លុយខ្មែរចំនួន ២០០ ០០០៛ (មួយម្ភៃម៉ឺនរៀល) និងលុយដុល្លា ចំនួន ១០០$ (មួយរយដុល្លា) ម៉ូតូចំនួន១គ្រឿង ម៉ាក SUZUKI ពណ៌ខ្មៅ តែមក្រហម ផ្លាកលេខភ្នំពេញ 1BP-1295, ទូរស័ព្ទចំនួន ១គ្រឿង ម៉ាក IPHONE , មួកសុវត្តិភាពពណ៌ ប្រផេះ មានសន្លក់ពីខាងក្រោយ និងកាបូបស្ពាយពណ៌ខ្មៅចំនួន១ ។

ជនសង្ស័យខាងលើ បច្ចុប្បន្នកម្លាំងនគរបាលខេត្តសៀមរាប បានបញ្ជូនជនសង្ស័យនេះទៅកាន់ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ៕

អត្ថបទពាក់ព័ន្ធ