មនុស្សជាង១០០០នាក់ ត្រូវសមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀនចំនួន ២២៣ ករណី ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៥នេះ


ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អញ្ជើញចូលរួមអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៥ ក្រោមប្រធានបទ ”រួមគ្នា បង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឬសគល់ នៃបញ្ហាគ្រឿងញៀននៅកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ៕

បើតាមលោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ដសៀមរាប បានឱ្យដឹងថា គិតត្រឹមរយៈពេល៥ខែ ឆ្នាំ២០២៥ សមត្ថកិច្ចខេត្តសៀមរាប បានធ្វើការបង្ក្រាបករណីគ្រឿងញៀនបានចំនួន ២២៣ ករណី ឃាត់ខ្លួនមនុស្សបានចំនួន ១ ០៨៨ នាក់ និងរឹបអូសគ្រឿនញៀនបានជិត ១៨ គីឡូក្រាម​។

លោកឧត្ដមសេនីយ៍ទោ ហួត សុធី បានឱ្យដឹងទៀតថា បទល្មើសទាំង ២២៣ ករណី រួមមានករណីជួញដូរ និងរក្សាទុក ១២២ ករណី ឃាត់ខ្លួន ៣២៣ នាក់, ករណីប្រើប្រាស់ ៨០ ករណី ឃាត់ខ្លួន ៧៥១ នាក់ និងអនុវត្តដីកាចំនួន ២១ ករណី ឃាត់ខ្លួន ១១ នាក់។ ជាមួយគ្នានោះ នៅក្នុងមជ្ឈមណ្ឌលស្តារនីតិសម្បទាគ្រឿងញៀនខេត្តសៀមរាប បច្ចុប្បន្នបានទទួលអ្នកញៀនគ្រឿងញៀនចំនួន ៨៣៦ នាក់ ស្រី ៦៤ នាក់។

ក្នុងឱកាសនោះដែរ លោក សំកុល សុចិត្រា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានអំពាវនាវដល់យុវជន សូមកុំចង់សាកល្បងគ្រឿងញៀន នឹងត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន កុំជឿតាមការញុះញង់បោកបញ្ឆោតរបស់នរណាម្នាក់ ឈានដល់ការប្រើប្រាស់រហូតធ្លាក់ខ្លួនជាអ្នកញៀនគ្រឿងញៀន ដែលធ្វើឱ្យប៉ះពាល់ដល់អនាគតរបស់ខ្លួន៕

អត្ថបទពាក់ព័ន្ធ