កម្លាំងនគរបាលក្រុងសៀមរាប ក្របួចបានចោរឆក់ភ្លាមៗ ក្រោយឆក់ទូរស័ព្ទនារីម្នាក់ នៅម្តុំផ្លូវលូរទឹកស្អុយ ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក
ខេត្តសៀមរាប ៖ កម្លាំងនគរបាលក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីអំពើលួច (ឆក់ទូរស័ព្ទ) ការចុះបង្រ្កាបនេះដោយមានការយកចិត្តទុកដាក់ និងមានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់លោក វរសេនីយ៍ឯក ដា ចំរេីន អធិការនគរបាលក្រុងសៀមរាប ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឃាត់ខួនជនសង្ស័យបាន នៅចំណុចក្នុងភូមិកក្រាញ់ សង្កាត់សៀមរាប ខេត្តសៀមរាប នារសៀលល្ងាចថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ នេះ ៕
ជនសង្ស័យមានឈ្មោះ នួន ព្រឿន ហៅ វាំង ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិបឹង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ។
ជនសង្ស័យរូបនេះបានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចថា ៖ រូបខ្លួនពិតជាបានធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃ ម៉ាក IPHON 11 Pro max ពណ៌ខ្មៅ របស់ជនរងគ្រោះពិតប្រាកដមែន ខណៈពេលដែរជនរងគ្រោះកំពុងជិះម៉ូតូតាមផ្លូវបណ្តោយផ្លូវលូរទឹកស្អុយ ដែលស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នៅវេលាម៉ោង១៦:១៥នាទី ត្រូវថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ ។
បន្ទាប់មកជនសង្ស័យក៏បានឆ្លើយបន្ថែមថា ៖ ខ្លួនក៏ធ្លាប់បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ នៅវេលាម៉ោង១៧:៣៨នាទី នៅចំណុចខាងត្បូងបុរីសៀងណាំ ដែលស្ថិតនៅក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដោយឆក់បានទូរស័ព្ទដៃចំនួន ០១គ្រឿង ហើយចំពោះករណីនេះ កម្លាំងសមត្ថកិច្ចយើងក៏បានទទួលពាក្យបណ្តឹងពីជនរងគ្រោះរួចមកហើយផងដែរ ។ ដោយឡែកជនសង្ស័យក៏បានឆ្លើយសារភាពថា កន្លងមកខ្លួនធ្លាប់បានធ្វើសកម្មភាពឆក់កាបូប និងទូរស័ព្ទដៃរបស់ភ្ញៀវបរទេស ដោយសរុបចំនួន ១១លើក ចំពោះករណីទាំង ១១លើកនេះ កម្លាំងសមត្ថកិច្ចយើងកំពុងស្រាវជ្រាវរកបណ្តឹងរបស់ជនរងគ្រោះ ។
វត្ថុតាងដែលកម្លាំងសមត្ថកិច្ចធ្វើការដកហូតរួមមាន ៖ ទូរស័ព្ទចំនួន ០៣ គ្រឿង ម៉ូតូជនសង្ស័យជិះធ្វើសកម្មភាពចំនួន ០១ គ្រឿង ។ ក្នុងនោះដែលកម្លាំងសមត្ថកិច្ចយើងក៏បានធ្វើតេស្ដស្វែងរកសារធាតុញៀន លើជនសង្ស័យខាងលើ ជាលទ្ធផល (វិជ្ជមាន) មានសារធាតុញៀនក្នុងខ្លួន ។
បច្ចុប្បន្នជនសង្ស័យខាងលេីត្រូវបានបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅតុលាការ បន្តនីតិវិធីតាមផ្លូវច្បាប់ ។ ចំណែកឯវត្ថុតាងដែលបានដកហូតពីជនសង្ស័យខាងលើ ដែលមានទូរស័ព្ទដៃចំនួន ០៣ គ្រឿង សមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះដែលជាម្ចាស់វិញផងដែរ ៕