ជនសង្ស័យម្នាក់ ត្រូវ​បានកងរាជអាវុធហត្ថ​ខេត្តសៀមរាប ឃាត់​ខ្លួន និងបញ្ជូនទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីហិង្សា​ដោយ​ចេតនាមានស្ថានទម្ងន់ទោស !​

ខេត្តសៀមរាប ៖ កម្លាំងការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនាមានស្ថានទម្ងន់ទោស ការឃាត់ខ្លួននេះធ្វើឡើងនៅចំណុចតាមផ្លូវបេតុង ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង២៣:៣០នាទីយប់ ត្រូវថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ ។

ដោយមានមានកិច្ចសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប កម្លាំងកងរាជអាវុធហត្ថខេត្ត បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ មានឈ្មោះ វ៉ាន់ សុខ​ថេប ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរគ្មាន មានទីលំនៅបច្ចុប្បន្ន នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម​ ក្រុងសៀមរាប ខេត្តសៀមរាប ។

តាមរបាយការណ៍កម្លាំងជំនាញ នៃកងរាជអាវុធហត្ថខេត្ត បានបញ្ជាក់ថា ៖ កាលពីថ្ងៃទី៤ ខែតុលា​ ឆ្នាំ២០២៥ វេលាម៉ោង០០:២០នាទីរំលងអធ្រាត ស្ថិតនៅចំណុចភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មានករណីហិង្សា​ដោយ​ចេតនាមានស្ថានទម្ងន់ទោស បង្កឡើង​ជនសង្ស័យឈ្មោះ វ៉ាន់ សុខថេប និងបក្ខពួកមានគ្នា០៣នាក់ បានជិះម៉ូតូដេញកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យរបួសធ្ងន់ ។

តាមការបំភ្លឺរបស់ជនសង្ស័យឈ្មោះ វ៉ាន់ សុខថេប បានឆ្លើយសារភាពថារូបខ្លួន និងបក្ខពួក ពិតជាបានជិះម៉ូតូដេញកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន ។​

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានការិយាល័យជំនាញ នៃកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ TND

អត្ថបទពាក់ព័ន្ធ