សមត្ថកិច្ចចុះបង្ក្រាបក្រុមឆបោកតាមបច្ចេកវិទ្យានៅក្រុងសៀមរាប ឃាត់ខ្លួនបុរសជនជាតិចិនចំនួន០៣នាក់ និងស្ត្រីជនជាតិវៀតណាមម្នាក់
ខេត្តសៀមរាប ៖ យោងតាមនាយកដ្ឋានព័ត៌មានបានឱ្យដឹងថា កម្លាំងចម្រុះ នៃគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ បានចុះពិនិត្យ និងបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅចំណុចផ្ទះវីឡាជួល ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដោយបានឃាត់ខ្លួនជនសង្ស័យជាបុរសជនជាតិចិនចំនួន០៣នាក់ ១-ឈ្មោះ XIAO SONG (សាវ សង) ២-ឈ្មោះ HAN JIAJIA (ហាន ជាជា) ៣-ឈ្មោះ QIN CILONG (ឆិន ឆីលុង) និងស្ត្រីជនជាតិវៀតណាមចំនួន០១ នាក់ឈ្មោះ LUONG THI QUE (លួង ធី ឃ្វី) ។
ក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចជំនាញបានដកហូតសម្ភារជាវត្ថុតាងរួមមាន ៖ កុំព្យូទ័រលើតុ ចំនួន ០៤ គ្រឿង ទូរសព្ទដៃចំនួន ២៣ គ្រឿង និងវត្ថុតាងមួយចំនួនទៀត ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចជំនាញជនសង្ស័យបានឆ្លើយសារភាពថា ពួកគេបានប្រើប្រាស់វិធីសាស្ត្រឆបោកក្រោមរូបភាពជាការលួងលោមស្នេហា (Romance scam) ដើម្បីបញ្ចុះបញ្ចូលឱ្យជនរងគ្រោះដាក់ប្រាក់វិនិយោគទិញរូបិយបណ្ណអេឡិចត្រូនិច (Crypto) ដែលមានគោលដៅឆបោកទៅកាន់ប្រទេសផ្សេងៗ ។
ក្រោយការបង្ក្រាបនេះ សមត្ថកិច្ចជំនាញ បច្ចុប្បន្នកំពុងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវបន្ថែមទៀតឈានទៅចាត់វិធានការផ្លូវច្បាប់ចំពោះមេខ្លោង នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈជនសង្ស័យ និងវត្ថុតាងដែលរឹបអូសបាន ត្រូវបានប្រគល់ជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ។
សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹង អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ ៕
 
  
 

