រដ្ឋបាលសង្កាត់នគរធំ ទទួលអំណោយពីសប្បុរសជន នាំយកគ្រឿងឧបភោគបរិភោគចែកជូនដល់ជនភៀសសឹកចំនួន ១៥៣ គ្រួសារ
ខេត្តសៀមរាប ៖ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ លោក ជា សារិន ចៅសង្កាត់នគរធំ បានអញ្ជើញទទួលអំណោយពីសប្បុរសជនមកពីភ្នំពេញ តាមរយៈលោក ស៊ាន ច័ន្ទដារ៉ា ជាអាជីវករ រួមទាំងព្រះសង្ឃ បាននាំយកគ្រឿងឧបភោគបរិភោគទាំងនេះ មកប្រគល់ជូនរដ្ឋបាលសង្កាត់នគរធំ ដើម្បីរៀបចំបែងចែកជូនដល់បងប្អូនប្រជាពលរដ្ឋជាជនភៀសសឹក ដែលកំពុងជួបការខ្វះខាត ចំនួន ១៥៣ គ្រួសារ ដែលមកពី ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ បានមកស្នាក់នៅបណ្ដោះអាសន្នក្នុងភូមិចំនួន០២រួមមាន ភូមិអញ្ចាញ និងភូមិអារក្សស្វាយ ក្នុងសង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ។
ក្នុងនោះគ្រឿងឧបភោគបរិភោគដែលនាំយកជូនដល់បងប្អូនប្រជាពលរដ្ឋជាជនភៀសសឹក ក្នុងមួយគ្រួសារ ទទួលបាន អង្ករ១០គីឡូក្រាម សាប៊ូ០១ដប ថ្នាំដុសធ្មេញ០១ប្រអប់ ភួយ០១ អាវរងា០១ សម្រាប់មនុស្សចាស់ និងទឹកសុទ្ធ០១យួ ។
ក្នុងឱកាសនោះសប្បុរសជនបានសម្តែងនូវសមាណចិត្តអាណិតអាសូរ ជាពន់ពេក ចំពោះបងប្អូនប្រជាពលរដ្ឋដែលរងទុក្ខវេទនា ដោយសារសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា ដែលបានបង្កឲ្យមានមហន្តរាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសោកនាដកម្មជាច្រើន ។ ទន្ទឹមនេះសប្បុរសជនសូមធ្វើការដឹងគុណជាទីបំផុតចំពោះវីរភាពដ៏អង់ អាចក្លាហានរបស់យុទ្ធជនជួរមុខដែលបានលះបង់ ពលី និងបូជាដើម្បីការពារទឹកដី និងប្រជាជនខ្មែរក្នុងគ្រាដ៏លំបាកនេះ ។
ជាមួយគ្នា លោក ជា សារិន ចៅសង្កាត់នគរធំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអំណោយសប្បុរសធម៌របស់បងប្អូនប្រជាពលរដ្ឋជាច្រើនមុខ ដែលបានចូលរួមឧបត្ថម្ភ តាមរយៈរដ្ឋបាលសង្កាត់នគរធំ ដើម្បីរៀបចំបែងចែកជូនបងប្អូនប្រជាពលរដ្ឋជម្លៀសខ្លួន ។

