ឯកឧត្តម ហេង សុធីរ និងលោក ហេង សុជាតិ បាននាំយកបច្ច័យចំនួន ៩៥០ ០០០ រៀល ជូនដល់គ្រួសារសព លោកអនុសេនីយ៍ទោ កេត សុភក្រ្តា ដែលបានលះបង់ជីវិតនៅសមរភូមិប្រាសាទតាមាន់
ខេត្តសៀមរាប ៖ កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហេង សុធីរ និងលោក ហេង សុជាតិ បាននាំយកបច្ច័យចំនួន ៩៥០ ០០០ រៀល ដែលទទួលបានពីពុកម៉ែបងប្អូនសប្បុរសជនក្នុងគ្រុបព័ត៌មានខេត្តសៀមរាប តំណាងពួកគាត់យកទៅជូនដល់ក្រុមគ្រួសារដើម្បីរៀបចំពិធីបុណ្យសព លោក អនុសេនីយ៍ទោ កេត សុភក្រ្តា ដែលបានទទួលមរណភាព ដោយការប៉ះទង្គិចប្រដាប់អាវុធរវាងកម្ពុជាជាមួយថៃ នៅមូលដ្ឋានប្រាសាទតាមាន់ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ បច្ចុប្បន្នសពបានតម្កល់ធ្វើពិធីនៅក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
សូមបញ្ជាក់ថា លោកអនុសេនីយ៍ទោ កេត សុភ័ក្ត្រា បានលះបង់ជីវិតនៅសមរភូមិប្រាសាទតាមាន់ នៅយប់ថ្ងៃពុធ ទី១០ ខែធ្នូ ដើម្បីបុព្វហេតុការពារមាតុភូមិកម្ពុជា ។ សូមវិញ្ញាណក្ខន្ធលោកបានទៅកាន់សុគតិភព៕
ក្នុងនោះផងដែរ ឯកឧត្តម ហេង សុធីរ ជំនួសមុខឲ្យក្រុមគ្រួសារនៃសព សូមថ្លែងអំណរគុណអរគុណដល់ ពុកម៉ែបងប្អូនសប្បុរសជនក្នុងគ្រុបព័ត៌មានខេត្តសៀមរាប បានចូលរួមបច្ច័យបុណ្យ តាមសទ្ធាជ្រះថ្លា ជួយដល់ក្រុមគ្រួសារនៃសព វីរៈកងទ័ពរបស់យើង ដើម្បីសម្រួលដល់ពិធីបុណ្យ ដោយគ្រួសាររបស់គាត់ខ្វះខាតជាខ្លាំង និងសូមជូនពរសប្បុរសជនទាំងអស់ជួបតែពុទ្ធពរទាំង៥ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ។



