ប្រជាពលរដ្ឋសហការគ្នាជួលជុលផ្លូវមួយខ្សែក្នុងក្រុម២៤ ស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប និងស្នើសុំដល់រដ្ឋបាលសង្កាត់ស្លក្រាម សុំផ្លូវបេតុងអាមេមួយខ្សែ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរចេញចូល និងប្រកបអាជីវកម្ម
ខេត្តសៀមរាប ៖ ផ្លូវលំមួយខ្សែប្រវែង ៤០០ម៉ែត្រ ដែលរងការខូចខាត ដោយសារទឹកភ្លៀងហូរច្រោះស្ទើររាល់ឆ្នាំ ត្រូវបានប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ សម្រេចសហការគ្នារៃអង្គាសថវិកា ទិញដីគ្រួសក្រហមមកចាក់ជួសក្រឡុកធំជ្រៅៗ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរចេញចូល និងប្រកបអាជីវកម្ម ។
ការរៃអង្គាសថវិកា ទិញដីគ្រួសក្រហមមកចាក់ជួសក្រឡុកធំជ្រៅៗ ធ្វើឡើងនៅថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២៥ ។ ផ្លូវមួយខ្សែនោះស្ថិតនៅក្រុម២៤ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។
ការជួសជុលក្រឡុកធំជ្រៅៗនៅផ្លូវនោះ ក៏យោងតាមការផ្តួចផ្តើមចេញពីឯកឧត្តម ហេង សុធីរ អគ្គនាយក និងជាចាងហ្វាង អង្គភាពសារព័ត៌មាន ធីញូស៍ដេលី ។
ផ្លូវដែលត្រូវជួសជុលចាក់ចំពេញក្រឡុក មានប្រវែង ៤០០ម៉ែត្រ ដោយចាក់ដីគ្រួសក្រហមបំពេញពីលើ ។ ថវិការដែលចំណាយលើការជួសជុល និងទិញដីគ្រួសក្រហមមកចាក់ជួសក្រឡុកនោះ បានមកពីការៃអង្គាសពីប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវមួយខ្សែនេះ ស្ថិតក្នុងក្រុម២៤ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប បានចំនួន ១ ៣០០ ០០០ រៀល ។
ដើម្បីឆ្លើយតបនឹងការធ្វើដំណើរចេញចូលដោយស្រួល ទើបពួកគាត់សម្រេចមូលមតិគ្នាជាឯកច្ឆន្ទ រៃថវិការទិញដីគ្រួសក្រហមមកចាក់ជួសបំពេញក្រឡុកផ្លូវមួយខ្សែនេះ ដែលភ្លៀងធ្លាក់ហូរច្រោះដាច់ ធ្វើឲ្យខូចខាតផ្លូវនេះជារៀងរាល់ឆ្នាំ ។
ប្រជាពលរដ្ឋនៅទីនោះបានបញ្ជាក់ថា ការរួមគ្នាសហការជួសជុលផ្លូវនេះ ដោយមិនអាចរង់ចាំអាជ្ញាធរក្នុងសង្កាត់ស្លក្រាម និងមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប មកជួសជុលនោះទេ ព្រោះមិនដឹងពេលណាថ្ងៃណា ដោយសារតែពេលនេះ ផ្លូវមួយខ្សែនេះស្ថិតក្នុងការមមាញឹក មានមនុស្សចេញចូលច្រើន រួមទាំងទីតាំងអាជីវកម្ម មានដូចជា បូទិច បន្ទប់ជួល និងលំនៅឋានរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដូច្នេះមានតែចូលរួមជួសជុល និងអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធជាមួយនឹងរាជរដ្ឋាភិបាល ក៏ដូចខ្លួនយើងផងដែរទើបបាន ។
បងប្អូនប្រជាពលរដ្ឋរស់នៅផ្លូវមួយខ្សែនេះ ដែលស្ថិតនៅក្នុងក្រុម២៤ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ស្នើសុំដល់រដ្ឋបាលសង្កាត់ស្លក្រាម សុំផ្លូវបេតុងអាមេមួយខ្សែ ដើម្បីងាយស្រួលក្នុងការចរាចរណ៍ធ្វើដំណើរចេញចូល និងប្រកបអាជីវកម្មផងដែរ ៕















