កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយអប់រំ រៀបចំសណ្តាប់ធ្នាប់ និងណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទឱ្យគោរពច្បាប់ចរាចរណ៍
ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែមករា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោក វរសេនីយ៍ឯក ឡុង ម៉េនសុយ៉ាលី ស្នងការរងទទួលផែនសណ្តាប់ធ្នាប់ បានដឹកនាំមន្រ្តីនគរបាលចរាចរណ៍ សហការជាមួយកម្លាំងមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប ចុះចែកខិត្តប័ណ្ណផ្សព្វផ្សាយអប់រំច្បាប់ចរាចរណ៍ផ្លូវគោក រៀបចំសណ្តាប់ធ្នាប់ ណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទដែលឈប់ចត ធ្វើដំណើរលើដងផ្លូវឱ្យយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក បើកបរគោរពទៅតាមស្លាកសញ្ញា,គំនូសសញ្ញា,ភ្លើងសញ្ញចរាចរណ៍,ពាក់មួកសុវត្ថិភាព ខ្សែក្រវាត់សុវត្ថិភាពឱ្យបានត្រឹមត្រូវគ្រប់ពេលធ្វើដំណើរ ។
លោក វរសេនីយ៍ឯក ឡុង ម៉េនសុយ៉ាលី បានឲ្យដឹងថា ៖ ដោយសារតែកំណើន នៃការគ្រោះថ្នាក់ចរាចរណ៍កើតមានឡើងច្រើន នៅក្នុងមូលដ្ឋានខេត្តសៀមរាប ទើបកម្លាំងនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសហការជាមួយនឹងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានធ្វើការចុះមកផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋឲ្យមានការយល់ដឹងពីច្បាប់ចរាចរណ៍ និងបញ្ហាបច្ចេកទេសដែលបង្កឡើង ដែលបណ្ដាលឲ្យកើតឡើងគ្រោះថ្នាក់ចរាចរណ៍ ។ លោកបានបន្តទៀតថា កម្លាំងនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប គ្រាន់តែចុះមកផ្សព្វផ្សាយ និងធ្វើការណែនាំដល់ប្រជាពលរដ្ឋ ដែលបានល្មើសច្បាប់ចរាចរណ៍តែប៉ុណ្ណោះ ពុំមានការផាកពិន័យដល់ប្រជាពលរដ្ឋនោះទេ ។
ជាចុងក្រោយ លោក វរសេនីយ៍ឯក ឡុង ម៉េនសុយ៉ាលី សូមសំណូមពរ និងផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ដងផ្លូវទាំងអស់ ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក សូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឱ្យបានខ្ពស់គ្រប់ពេលដែលធ្វើដំណើរនៅលើដងផ្លូវ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ដោយស្មារតីទទួលខុសត្រូវ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ ៕















