ស្រ្តីពពោះម្នាក់ធាក់កង់ជិត២០គីឡូម៉ែត្រ មកសម្រាលកូននៅមណ្ឌលសុខភាព៖ អាជ្ញាធរកំពុងសិក្សាលទ្ធភាពធ្វើប័ណ្ណក្រីក្រជូន

បន្ទាយមានជ័យ ៖ កាលពីថ្ងៃ១៣​ ខែមករា ឆ្នាំ២០២៦ មានស្តី្រមា្នក់ ឈ្មោះ យស សុខជា អាយុ ៣២ ឆ្នាំ រស់នៅ ភូមិបុស្បូវ ឃុំ បុស្បូវ ស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ បានជិះកង់ម្នាក់ឯងមកសម្រាលកូននៅមណ្ឌលសុខភាពភ្នៀត  ក្នុងសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ស្ថានភាពគ្រួសាររបស់អ្នកស្រី សុខជា មានជីវភាពមិនល្អប្រសើរឡើយ ប៉ុន្តែក្រោយពេលលេចឮព័ត៌មានដែលអ្នកស្រី សុជា ជិះកង់ទៅសម្រាលកូនដោយខ្លួនឯងនេះ អាជ្ញាធរកំពុងសិក្សាលទ្ធភាពធ្វើប័ណ្ណក្រីក្រជូន។

ពេលឃើញអ្នកស្រី ទៅដល់ក្រុមគ្រូពេទ្យប្រចាំការនៅទីនោះផ្ដល់សេវាសុខាភិបាលតាមបច្ចេកទេស ធ្វើឱ្យមានសុវត្ថិភាពទាំងម្ដាយ និងកូន។ ក្រុមគ្រូពេទ្យបានរៀបចំសម្ភារប្រើប្រាស់ គ្រឿងបរិភោគនិងថវិកាមួយចំនួន ជូនដល់ម្តាយនិងកូនភ្លាមៗ។ បន្ទាប់មកលោក ឃុត សូវិន ប្រធានមណ្ឌលសុខភាពភ្នៀត បានជូនដំណឹងនេះដល់អាជ្ញាធរមូលដ្ឋានដើម្បីផ្ដល់ការគាំទ្រ និងជួយសម្រួលដល់ការលំបាករបស់ស្ត្រីសរសៃខ្ចីរូបនេះផងដែរ។

អ្នកស្រី យស សុជា មានជីវភាពខ្វះខាត និងជាស្ត្រីមានផ្ទៃពោះដែលមិនមានសា្វមីនៅជាមួយ ប៉ុន្តែគិតត្រឹមថ្ងៃដែលអ្នកស្រីសម្រាលកូន អ្នកស្រីមិនមានប័ណ្ណក្រីក្រដែលផ្ដល់ដោយអាជ្ញាធរមូលដ្ឋានសម្រាប់ឧបត្ថម្ភដល់អ្នកស្រីឡើយ។

ជុំវិញបញ្ហានេះ ប្រធានឃុំ​បុស្បូវ លោក នៅ បឹប បានឱ្យដឹងថា អ្នកស្រី យស សុជា បានផ្លាស់ទីលំនៅពីខេត្តបាត់ដំបង មកទីតាំងបច្ចុប្បន្នក្នុងឃុំបុស្បូវរបស់លោកជាង៧ឆ្នាំមកហើយ។ ប៉ុន្តែលោកមេឃុំ បញ្ជាក់ថា បញ្ហាប័ណ្ណក្រីក្រនេះ លោកហាក់ស្រពេចស្រពិល ត្បិតថាក្រុមការងារភូមិបុស្បូវ បានចុះសម្ភាសន៍អ្នកស្រីសុជា ឬអត់ ហើយបើបានសម្ភាសន៍តើសម្ភាសន៍ជាប់ជាពលរដ្ឋក្រីក្រឬយ៉ាងណា ក៏លោកមិនបានដឹង។

មិនដឹងយ៉ាងណាទេគ្រូ គេចុះសម្ភាសន៍ មិនដឹងថាវាមានអ្នកសម្ភាសន៍ឬយ៉ាងណាដែរគ្រូ ខ្ញុំមិនថា គេមិនបានចុះឱ្យសម្ភាសន៍ក៏មិនដឺងគ្រូ”                                                                                                                                              

វិទ្យុស្ត្រីបានព្យាយាមទាក់ទងទៅកាន់លេខទូរសព្ទ មេភូមិបុស្បូវ លោក ង៉ ជឿន ដែលលោកមេឃុំ និងមន្ត្រីកិច្ចការនារីឃុំផ្ដល់ឱ្យ។ ប៉ុន្តែបុរសម្នាក់ដែលលើកទូរសព្ទឆ្លើយថា ខ្លួនមិនមែនលោក ង៉ ជឿន មេភូមិបុស្បូវឡើយ។

យ៉ាងណាក្រោយពីទទួលដំណឹងពីការសម្រាលកូនដ៏លំបាក របស់អ្នកស្រី សុជា មន្ត្រីកិច្ចការនារីឃុំបុស្បូវ អ្នកស្រី អែម សុខនី បានឱ្យដឹងថា អ្នកស្រីនិងក្រុមការងារកំពុងរៀបចំឯកសារ ដើម្បីចុះឈ្មោះអ្នកស្រី  សុជា ជាពលរដ្ឋក្រីក្រ សម្រាប់ទទួលបានជំនួយសង្គមកិច្ចពីរដ្ឋ។ មន្ត្រីកិច្ចការនារីឃុំបុស្បូវរូបនេះប្ដេជ្ញាថា នឹងរូតរះអន្តរាគមន៍ធ្វើប័ណ្ណក្រីក្រនេះ ឱ្យបានមុន១៥នៃការសម្រាលកូនរបស់អ្នកស្រីសុជា ដើម្បីឱ្យគាត់អាចទទួលបានប្រាក់ឧបត្ថម្ភ៤០ម៉ឺនរៀល ដែលបញ្ចូលជាករណីស្ត្រីមានប័ណ្ណក្រីទទួលបានពេលសម្រាលកូន។

“ខ្ញុំរៀបចំឱ្យគាត់ឱ្យទាន់ពេលវេលាកុំឱ្យហួស១៥ថ្ងៃ។ កាលខ្ញុំសម្ភាសន៍គាត់ អត់សូវមានសេវា ហើយនឹងឯកសារឱ្យគាត់ថតឯកសារថតអីខ្លួនគាត់ ហើយជួយសម្រួលគាត់អីចឹងណា៎។”

យ៉ាងណាជាការកត់សម្គាល់ក្រោយពី លេចឮព័ត៌មានដែលស្ត្រីមានផ្ទៃពោះគ្រប់ខែជិះកងជាង២០គីឡូម៉ែត្រទៅសម្រាលកូននៅមណ្ឌលសុខភាពដោយខ្លួនឯងនេះ មានមន្ត្រីពាក់ព័ន្ធជាច្រើនទៀត ដូចជា លោក ឈុន ហាក់ មន្ត្រីសុខាភិបាលផ្នែកកែលំអគុណភាពសេវាមណ្ឌលសុខភាពក្នុងស្រុកប្រតិបត្តិសិរីសោភ័ណ​ និងលោក មួន យក់សាន សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យជាដើម បានយកជំនួយឧបត្ថម្ភ ជូន អ្នកស្រី យស សុជា​ ដល់មណ្ឌលសុខភាពភ្នៀត និងសម្រួលការធ្វើដំណើរត្រឡប់ទៅផ្ទះវិញរបស់លោកស្រី៕

អត្ថបទដោយ សិក្ខាកាមអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC)

7854

អត្ថបទពាក់ព័ន្ធ