រដ្ឋបាលខេត្តសៀមរាប បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦

ខេត្តសៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប បានបើកអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និង លើកយុទ្ធសាស្ត្រ អនុវត្តបន្តឆ្នាំ២០២៦ បន្តពង្រឹងសុវត្ថិភាពសេវាសាធារណៈ នៅសាលសន្នីសិទ្ធ សុខាសៀមរាប កាលពីព្រឹកថ្ងៃទី២៩ខែ មករា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវជាសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត អស់លោកលោកស្រីជាគណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ទីចាត់ការ អង្គភាពចំណុះសាលាខេត្ត ស្នងការ មេបញ្ជាការ បញ្ជាការរង  មន្ត្រីរាជការ រដ្ឋបាលក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ តំណាងអង្គការសង្គមស៊ីវិល ជាសមាជិកសមាជិកាអង្គសន្និបាតចូលរួមប្រមាណជា ៧០០នាក់ ។

ឯកឧត្តម លី សំរិទ្ធ  បានលើកឡើងថា កម្មវិធីដែលបានកំពុងប្រព្រឹត្តក្នុងពេលនេះ ក្នុងគោលបំណង សំខាន់ លើការឆ្លុះបញ្ចាំង និង ការបង្ហាញអំពីលទ្ធផល សមទ្ធិផលដែលរដ្ឋបាលខេត្តសៀមរាបសម្រេចបាន ក្នុងឆ្នាំ២០២៥ ព្រមទាំងធ្វើការរំលេចនូវបញ្ហាប្រឈមដែលបានជួបប្រទះក្នុងឆ្នាំ២០២៥ ចំពោះការងារដែលបានអនុវត្ត នូវតួនាទី ភារកិច្ចរបស់មន្ទីរ អង្គភាព និងស្ថាប័នពាក់ព័ន្ធ ក្នុងការផ្តល់សេវាសាធារណៈ និង ការថែរក្សា សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលបានចូលមកទស្សនាកម្សាន្ត នៅខេត្តប្រវត្តិសាស្ត្រមួយនេះ ។ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា ទោះបីស្ថានភាពនៃការកើតឡើង នៅតាមបណ្តោយព្រំដែន មានសភាពធូស្រាល នៅក្រោយកិច្ចព្រមព្រៀងការឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នោះ ក៏ប៉ុន្តែចំពោះផលវិបាកដែលបានបន្សល់ទុកនៅ ដែលជាបញ្ហាអតិភាព ដែលយើងត្រូវរួមគ្នាក្នុងការដោះស្រាយ ក្នុងស្មារតីនៃមហាសាមគ្គីគ្រួសារខ្មែរតែមួយ  ។ ឯកឧត្តមក៏បានបន្តទៀតថា ថ្វីបើបងប្អូនភៀសសឹងមួយចំនួន បានវិលទៅកាន់ភូមិដ្ឋានរបស់ខ្លួនមួយចំនួន តែបងប្អូនភៀសសឹងដែលរងគ្រោះដោយផ្ទះសម្បែងពួកគាត់ ត្រូវសត្រូវឈ្លាន ពានបានធ្វើការបំផ្លិចបំផ្លាញ ហើយបងប្អូនមួយចំនួន ក្នុងភូមិដ្ឋានរបស់ខ្លួន ដែលបន្សល់ទៅដោយយុទ្ធភ័ន្តមិនទាន់ផ្ទុះ ដែលក្រុមកងស៊ីម៉ាកមិនទាន់បានបោសសម្អាត់នោះ និង ជាតំបន់ផុយស្រួយ ត្រូវបានអាជ្ញាធរមូលដ្ឋានក៏មិនទាន់អនុញ្ញាតឲ្យពួកគាត់ចូលទៅរស់នៅ ហើយពួកគាត់បានបន្តស្នាក់នៅតាមមណ្ឌលសុវត្ថិភាព និងផ្ទះបងប្អូនផងដែរ។ ក្នុងនោះឯកឧត្តមក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និង បងប្អូនសប្បុរសជនជាតិ អន្តរជាតិ ដែលបានចូលរួមបរិចាកនូវធនធាន សម្ភារៈ ស្បៀងអាហារ ជូនដល់វីរៈកងទ័ព នគរបាលជាតិ ដែលកំពុងឈរជើងការពារ បូរណភាពទឹកដី តាមខែ្សបន្ទាត់ព្រំដែន និង បងប្អូនគ្រួសារភៀសសឹក ដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ។

ឯកឧត្តម លី សំរិទ្ធ ក៏បានស្នើដល់អង្គសន្និបាតទាំងមូល សូមចូលរួមជាយោបល់ទៅលើកិច្ចពិភាក្សា ទៅតាមប្រធានបទ ដែលអង្គសន្និបាតបានលើកឡើង ឲ្យបានផុលផុស ដើមី្បយើងទទួលបាននូវធាតុចូល ក្នុង ការពង្រឹង ការអនុវត្តទិសដៅឆ្នាំបន្ត របស់រដ្ឋបាលខេត្តឆ្នាំ២០២៦ ឲ្យប្រកបទៅដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ស្របតាមគោលនយោបាយ កំណែទម្រង់ស៊ីជម្រៅ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា  ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទពាក់ព័ន្ធ