ជនសង្ស័យ៦នាក់ ក្នុងចំណោម២០នាក់ពាក់ព័ន្ធបំពានបូកនៅខេត្តសៀមរាប ត្រូវបានតុលាការសម្រេចហើយ!
ខេត្តសៀមរាប៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប បានសម្រេចឃុំខ្លួនជនសង្ស័យ ៥នាក់ និងម្នាក់ទៀត លើកលែងឱ្យនៅក្រៅឃុំ ក្នុងចំណោម ២០នាក់ បាននាំគ្នាបំពានបូកបានសម្រេច (រំលោភបូក) ទៅលើក្មេងស្រី អាយុ ១៥ ឆ្នាំម្នាក់ ត្រូវកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃកងរាជអាវុធហត្ថខេត្តសៀមរាប នាំខ្លួនទៅតុលាការខេត្ត ចាត់ការបន្តទៅតាមផ្លូវច្បាប់ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់សាលាដំបូងខេត្តសៀមរាប។
ហេតុការណ៍ឃាត់ខ្លួន ៦នាក់នោះ បានកើតឡើងនៅក្នុងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅក្នុងក្រុងសៀមរាប។ អ្នកនាំពាក្យ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ ២០២៤នេះ បានបំភ្លឺករណីផេកហ្វេសប៊ុកឈ្មោះ «Somaly Mam ម៉ែ ចាស់» និង សារព័ត៌មានមួយចំនួន បានចុះផ្សាយនូវព័ត៌មាន «ក្មេងស្រី អាយុ ១៥ឆ្នាំ ត្រូវបានរំលោភបូករហូតដល់ទៅ ២០ នាក់ ។ ពេលនេះសមត្ថកិច្ចចាប់បានជនល្មើស ខណៈពេលនោះឪពុក បង្កើតរបស់ក្មេងស្រីរងគ្រោះខឹងពេកក៏វាយទៅ ជនបង្ក ហើយឪពុករបស់ក្មេងស្រីរងគ្រោះ ត្រូវជាប់ពន្ធនាគារ រីឯជនល្មើស ១៤នាក់ នៅក្រៅឃុំ»។
នៅថ្ងៃនេះដែរ បន្ទាប់ពីក្រសួងយុត្តិធម៌បានស្នើសុំឱ្យប្រធានសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប ពិចារណា ឡើងវិញ លើទិដ្ឋភាពច្បាប់ និងពិនិត្យលទ្ធភាពតាមផ្លូវច្បាប់ លើករណីបំពានផ្លូវភេទ ជាក្រុមលើក្មេងស្រីម្នាក់ ចៅក្រមស៊ើបសួរ បានសម្រេចដោះលែងជនត្រូវចោទ ឈ្មោះ ពេជ្រ សុវ័ន្ត ឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤នេះ និង បន្តការស៊ើបសួរលើសំណុំរឿងនេះ តាមនីតិវិធីច្បាប់ ។
ប្រភពពីសមត្ថកិច្ចបានប្រាប់នៅល្ងាចថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ នេះថា ការិយាល័យប្រឆាំងការជួញដូរមនុស្ស បានបញ្ជូនជន សង្ស័យទៅសាលាដំបូងខេត្តសៀមរាប ចំនួន ៦នាក់ ក្នុងករណីរំលោភ សេពសន្ថវ: (រំលោភបូក)៖
១-ឈ្មោះ អ.វ.អ ភេទប្រុស អាយុ១៥ ឆ្នាំ មុខរបរ (គ្មាន) ទីលំនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
២-ឈ្មោះ ស.ស.ណ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបររត់តុ ទីលំនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្ត សៀមរាប។
៣-ឈ្មោះ ស.ម ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ សិស្ស ទីលំនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
៤-ឈ្មោះ ឃ.ស.វ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ទីលំនៅភូមិបឹងដូនប៉ា សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប។
៥-ឈ្មោះ ឡ.ស.ឡ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ (គ្មាន)ទីលំនៅភូមិតាវៀន សង្កាត់ សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
៦-ឈ្មោះ ឌ.ប.ស អាយុ ១៧ឆ្នាំ មុខរបរ សិស្ស ទីលំនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
បច្ចុប្បន្នជនសង្ស័យទាំង ១៤នាក់ ដែលស្ថិតនៅក្រៅឃុំត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត កំពុងបន្តនីតិវិធី ស្រាវជ្រាវចាប់ខ្លួន យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕