សមត្ថកិច្ចខេត្តសៀមរាប ចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ ពាក់ព័ន្ធក្នុងករណីប្លន់ នៅស្រុកបន្ទាយស្រី

ខេត្តសៀមរាប៖ សមត្ថកិច្ចខេត្តសៀមរាប ចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ ពាក់ព័ន្ធក្នុងករណីប្លន់ម៉ូតូ នៅស្រុកបន្ទាយស្រី ការបង្ក្រាបនេះធ្វើឡើងនៅក្នុងទឹកដីស្រុកពួក ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤។

ជនសង្ស័យបានធ្វើសកម្មភាព កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២១ និង៣០នាទី នៅចំណុចស្ពានលេខ១០ ចម្ងាយ១០០ម៉ែត្រ ស្ថិតក្នុងភូមិតាកុះ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ក្នុងនោះជនសង្ស័យទី១ មានឈ្មោះ ល ឡ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ គ្មាន បច្ចុប្បន្នរស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប និងជនសង្ស័យទី២ មានឈ្មោះ ឆ សណល ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ គ្មាន បច្ចុប្បន្នរស់នៅភូមិបឹង សង្កាត់ក្របីរៀល ក្រុងសៀមរាប  បានឆ្លើយសារភាពថា៖ ពួកខ្លួនទាំង០២នាក់ និងបក្សពួក ពិតជាបានធ្វើសកម្មភាព ករណីខាងលើនេះ ពិតប្រាកដមែន។

ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖
– ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ ផ្លាកលេខ សៀមរាប ១AQ-៥៤៧១(របស់ជនរងគ្រោះ)
– ម៉ូតូម៉ាកហុងដាស្គុបពី សេ១១០ ពណ៌ស ផលិតឆ្នាំ២០២៣ ផ្លាកលេខ សៀមរាប ១AP-២៥៤៤(របស់ជនរងគ្រោះ)
– ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ សៀមរាប ១AP-០០៤០ ដែលជនសង្ស័យជិះធ្វើសកម្មភាព។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប។

សូមជម្រាបថា នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ នគរបាលព្រហ្មទណ្ឌ នៃស្នងការខេត្តសៀមរាប សហការជាមួយនគរបាលខេត្តបន្ទាយមានជ័យ បានដកហូតម៉ូតូ១គ្រឿង សង្ស័យយកទៅបញ្ជាំនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕

អត្ថបទពាក់ព័ន្ធ