លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បើកកិច្ចប្រជុំត្រួតពិនិត្យផែនការរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ បរិស្ថាន
ខេត្តសៀមរាប៖ នៅថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០២៤ ម្សិលមិញ លោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ បរិស្ថានក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួមពីលោក អភិបាលរងខេត្ត លោក នាយក នាយករងរដ្ឋបាលសាលាខេត្ត លោក អភិបាល នៃគណៈអភិបាលក្រុង លោក ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធនានា។

អាជ្ញាធរខេត្តសៀមរាបបញ្ជាក់ថា៖ ផែនការរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ បរិស្ថានក្នុងក្រុងសៀមរាប គឺធ្វើយ៉ាងណាឱ្យក្រុងសៀមរាប មានសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ បរិស្ថានល្អ ដើម្បីធានាឱ្យបាននូវនិរន្តរភាពវិស័យទេសចរណ៍ មានគុណភាព និងភាពទាក់ទាញនៅក្នុងតំបន់ និងសកលលោក ផ្សារភ្ជាប់ជាមួយការអភិវឌ្ឍ និងការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋានរបស់ប្រជាពលរដ្ឋ ស្របតាមគោលបំណងនៃ “ផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥” “យុទ្ធនាកាសៀមរាបផ្ទះខ្ញុំ” និង “ផែនទីចង្អុលផ្លូវទីក្រុងឆ្លាតវៃ នៃខេត្តសៀមរាប”។
ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

















