កម្ពុជា-ជប៉ុន ប្រកាសអំពីយុទ្ធសាស្ត្រថ្មីនៃកិច្ចសហប្រតិបត្តិការគំនិតផ្តួចផ្តើមលើសកម្មភាពមីន ក្នុងគោលបំណងជួយដល់ជនរងគ្រោះដោយសារមីន និងយុទ្ធភណ្ឌសំណល់សង្គ្រាម


ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី កាមីកាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា លោកជំទាវបានឆ្លៀតពេលវេលាជួបពិភាក្សាការងារជាមួយ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)នៅអង្គភាពផ្ទាល់។

ការអញ្ជើញមកទស្សនកិច្ចនៅអង្គភាព CMAC ពិតជាមានសារៈសំខាន់ជាប្រវត្តិសាស្ត្រសម្រាប់វិស័យមីននៅកម្ពុជា ក្នុងការលើកទឹកចិត្ត និងជំរុញវិស័យសកម្មភាពមីននៅកម្ពុជា ឲ្យកាន់តែសកម្ម និងចូលរួមក្នុងការពង្រឹងសន្តិភាពនិងសុខសុវត្ថិភាពប្រជាជនកម្ពុជាឲ្យកាន់តែល្អប្រសើរថែមទៀត។
ក្នុងដំណើរទស្សនកិច្ចនេះផងដែរ លោកស្រីរដ្ឋមន្ត្រីការបរទេសជប៉ុន ជួបពិភាក្សាការងារសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី នាយករដ្ឋ មន្ត្រី ព្រមទាំងឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស។

ផ្អែកលើខ្លឹមសារប្រកាសអំពីយុទ្ធសាស្ត្រថ្មីនៃកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា គំនិតផ្តួចផ្តើមលើសកម្ម ភាពមីន ដែលលោកជំទាវបានលើកឡើងអំបាញ់មិញនេះ ពិតជាមានសារៈសំខាន់ មានទស្សនវិស័យវែង ឆ្ងាយស៊ីជម្រៅ ក្នុងគោលបំណងជួយដល់ជនរងគ្រោះដោយសារមីននិងយុទ្ធភណ្ឌសំណល់សង្គ្រាម ការ បង្ការការពារសុខសុវត្ថិភាពប្រជាពលរដ្ឋទូទៅក្នុងសកលលោក ក៏ដូចជាប្រជាជនកម្ពុជា ជាពិសេសជនរង គ្រោះដោយសារគ្រាប់មីននិងប្រជាជនដែលកំពុងរងការគំរាមកំហែងដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម នៅកម្ពុជា។

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានថ្លែងថា ក្នុងនាមអង្គភាព CMAC ក៏ដូចជាមន្ត្រីជំនាញសកម្មភាពមីននៅកម្ពុជា ពិតជាមានមោទកភាពចំពោះគំនិត ផ្តួចផ្តើមនេះ និងសូមគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធសាស្ត្រថ្មីនៃកិច្ចសហប្រតិបត្តិការដែលលោកជំទាវ បានប្រកាសជាផ្លូវការនេះ។

លោក សង្ឃឹមយ៉ាងមុតមាំថា ជាមួយការប្រកាសយុទ្ធសាស្ត្រថ្មីនៃកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា លើវិស័យមីននេះ រដ្ឋាភិបាល និងប្រជាជនជប៉ុន នឹងបន្តគាំទ្រដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជា ប្រជាជនកម្ពុជា ជាពិសេសអង្គភាព CMAC ក្នុងការកម្ចាត់ចោលគ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ធានាសុខសុវត្ថិភាពដល់ប្រជាជនកម្ពុជា និងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់កម្ពុជា។ ទន្ទឹមនឹងនេះ លោករីករាយក្នុងការចូលរួមចែករំលែកបទពិសោធន៍ជាមួយបណ្តាប្រទេស ដែលមានបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

អត្ថបទពាក់ព័ន្ធ