ស្ថានភាពរបួស​ធ្ងន់ធ្ងរ​ពេក​! អ្នកកាសែត​ គេហទំព័រអនឡាញ កម្ពុជាអភិវឌ្ឍន៏ បានស្លាប់​ហើយ​កាលពីយប់​មិញនេះ

សៀមរាប៖ ​លោក​ ឈឿង ឈឹង អ្នកកាសែត​ជើង​ចាស់មួយរូប ​ ដែលត្រូវ​បានជនសង្ស័យលប​បាញ់​ប្រហារ​កាលពីល្ងាច​ថ្ងៃទី៤ ធ្នូ ២០២៤ បានស្លាប់ហើយ កាលពីវេលាម៉ោង​ជាង​២ទៀប​ភ្លឺ​ចូលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤​នេះ ដោយសារតែស្ថានភាពរបួស​របស់លោក​ធ្ងន់ធ្ងរ​ពេក​ គ្រូពេទ្យមិនអាចជួយសង្គ្រោះ​បាន ។

គួរ​បញ្ជាក់ថា នៅវេលា​ម៉ោងជាង​៦ល្ងាច​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ២០២៤ ​មានហេតុការណ៍​បាញ់​ប្រហារ​មួយ​កើត​ឡើង​នៅ​ខេត្ត​សៀមរាប ហើយត្រូវបានគេដឹងថា អ្នក​រង​គ្រោះគឺជាអ្នក​កាសែត​មួយរូប​ប្រចាំអង្គភាព​សារព័ត៌មានកម្ពុជា​អភិវឌ្ឍន៍​ក្នុង​ខេត្តសៀមរាប​ ​។

នៅថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលខេត្ត​សៀមរាប ក៏បានចេញសេចក្ដី​ប្រកាសព័ត៌មានមួយ​ជុំវិញករណី​បាញ់​ប្រហារ​នេះ ថាជា​ករណី​ទំនាស់​បុគ្គល​ និងបុគ្គល​ មិនជាប់ពាក់ព័ន្ធនឹង​រឿង​នយោបាយ​នោះទេ ។​​ តាម​រយៈ​​សេ​ច​ក្តី​ប្រកាសព័ត៌​មាន​មួយ​សន្លឹក រដ្ឋបាលខេត្តសៀមរាបបានឱ្យដឹងថា ក្រោយទទួលបានដំណឹងថា មាន​ក​​រ​​ណី​​ ​ល​បលួច​បាញ់​មកលើ​អ្នក​សារ​ព័ត៌​មាន​​អន​ឡាញ​លោក ឈឿង ឈឹង វ័យ ៦៣ឆ្នាំ កងម្លាំ​ង​ន​គ​រ​បា​ល​​ នៃ​អ​ធិកា​​រ​ដ្ឋាននគរបាលស្រុកជីក្រែង បានធ្វើកា​រ​ស្រាវ​​ជ្រាវ​កំណត់​មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះស៊ី លឿយ មកសាក​សួរ​​ពី​ករណី​ប៉ុន​ប៉ង​មនុស្ស​ឃាត​ដោយ​ចេតនា។

ជាលទ្ធផលក្រោយការសាកសួរ ជនសង្ស័យបានឆ្លើយបំភ្លឺថា ការលបលួចបាញ់នោះ គឺដោយ​សា​រខឹងជនរងគ្រោះមក​ទារប្រាក់ពីខ្លួនថ្លៃដឹកឈើ ខណៈ​បច្ចុប្បន្ន​​លោក ឈឿង ឈឹង កំពុងសម្រាកព្យាបាល នៅមន្ទីពេទ្យបង្អែកខេត្តសៀមរាប។

​ស្ន​ង​កា​រន​គ​របា​ល​ខេ​​ត្តសៀមរាបបានឱ្យដឹងថា ស​ម​ត្ថ​កិ​ច្ច​កំ​ពុ​ង​ក​សា​ង​សំ​ណុំ​​រឿ​ង​​ប​ញ្ចូន​​ជ​ន​ស​ង្ស័យ​ខា​ង​លើ​ទៅ​​អយ្យកា​រ​អម​​សាលាដំបូងខេត្តសៀមរាបចាត់ការបន្តតាម​នីតិវិធី ៕

អត្ថបទពាក់ព័ន្ធ