ករណីអគ្គិភ័យឆេះផ្ទះមួយកន្លែង នៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប


ខេត្តសៀមរាប៖ មានករណីអគ្គិភ័យឆេះផ្ទះមួយកន្លែង បានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៣៖៣០នាទីរសៀល ត្រូវថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។

ម្ចាស់ផ្ទះមានឈ្មោះ ខូវ សុខអេង ភេទស្រី អាយុ ៦៨ឆ្នាំ ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។

អគ្គិភ័យនេះបានបណ្ដាលឲ្យរងការខូចខាតផ្ទះប្រហែល ៣០% និងឆេះអត្តសញ្ញាណបណ្ណ ឈ្មោះ ភិន សៀវម៉េង ចំនួន ០១សន្លឹក ទូរសព្ទ ០១គ្រឿង កុំព្យូទ័រ ០១គ្រឿង ម៉ាសុីនត្រជាក់ កង្ហារ និងទូរដាក់ខោអាវ ។

មូលហេតុនៃការឆេះនេះ បណ្ដាលមកពីចៅរបស់ម្ចាស់ផ្ទះ បានសាកថ្មកុំព្យូទ័រទុកចោលនៅលើពូក ក៏បង្កជាអគ្គិភ័យ ។

នៅក្នុងប្រតិបត្តិការ ពន្លត់អគ្គីភ័យនេះ សមត្ថកិច្ចជំនាញប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៥គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន ៣គ្រឿង ដោយក្នុងនោះមានរថយន្តពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចំនួន ៣គ្រឿង បានប្រើប្រាស់ទឹកអស់ ចំនួន ១គ្រឿង រថយន្តពន្លត់អគ្គិភ័យ នៃអាជ្ញាធរជាតិអប្សរា ចំនួន ២គ្រឿង បានប្រើប្រាស់ទឹកអស់ ចំនួន  ២គ្រឿង ហើយបានរលត់ជាស្ថាពរ ។

អត្ថបទពាក់ព័ន្ធ