ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានឆក់យកជីវិតយុវតីម្នាក់ ដែលជាសិស្សសាលាវិទ្យាល័យអង្គរ ស្លាប់បាត់បង់ជីវិត និងយុវតីម្នាក់ទៀតរបួសស្រាល
ខេត្តសៀមរាប៖ ម៉ូតូរម៉កមួយគ្រឿងមិនចាំម៉ាកបានទាក់ដៃជាមួយម៉ូតូមួយគ្រឿងជិះឌុបគ្នាដោយយុវតីពីរនាក់ បណ្ដាលឲ្យយុវតីម្នាក់ ដួលចូលក្រោមរថយន្ត ស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្ត និងយុវតីម្នាក់ទៀតរងរបួសស្រាល នៅនឹងកន្លែងកើតហេតុ រួចម៉ូតូរម៉កបង្កបានបើកគេចបាត់ស្រមោលដោយសុវត្ថិភាព ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៥៖១៥នាទីរសៀល ត្រូវថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវមាត់ស្ទឹង ក្បែរសាលាជាស៊ីម ស្ថិតក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
សពជនរងគ្រោះមានឈ្មោះ លាន រក្សា ភេទស្រី អាយុ ១៥ឆ្នាំ មុខរបរជា សិស្សសាលាវិទ្យាល័យអង្គរ រៀនថ្នាក់ទី៩ ស្នាក់នៅក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប មានស្រុកកំណើតនៅភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានស្លាប់បាត់បង់ជីវិត ។
ចំណែកជនរងគ្រោះម្នាក់ទៀតដែលជាមិត្តភក្តិបានរួមដំណើរជាមួយគ្នា មានឈ្មោះ ណិត ពិសី ភេទស្រី អាយុ ១៤ឆ្នាំ មុខរបរជា សិស្សសាលាវិទ្យាល័យអង្គរ រៀនថ្នាក់ទី៨ រងរបួសស្រាល ។
បើតាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថា៖ នៅមុនពេលកើតហេតុគេឃើញ មានយុវតីពីរនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក Zoomer ពាក់ស្លាកលេខ សៀមរាប 1AC-0057 ជិះឌុបគ្នា មានទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានទាក់ដៃម៉ូតូជាមួយម៉ូតូរម៉កមួយគ្រឿងមិនចាំម៉ាក មានទិសដៅពីជើងទៅត្បូង ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យយុវតីពីរនាក់ដួល ដោយជនរងគ្រោះដែលជិះនៅខាងក្រោយ ខ្ទាតចូលក្រោមរថយន្តមួយគ្រឿងម៉ាក KIA Bongo (គា បុងហ្គោល) ពាក់ស្លាកលេខ រដ្ឋ១៣ 2-1051 មានទិសដៅពីត្បូងទៅជើង ដែលមកពីខាងក្រោយស្របទិសជាមួយម៉ូតូ ត្រូវរថយន្តកិនពីលើបណ្តាលឲ្យរបួសធ្ងន់ និងជនរងគ្រោះម្នាក់ទៀតជាអ្នកបើកបរម៉ូតូរងរបួសស្រាល រួចម៉ូតូរម៉កបង្កបានបើកគេចបាត់ស្រមោលដោយសុវត្ថិភាព ។ ភ្លាមៗ ជនរងគ្រោះត្រូវដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក លោកចុះមកដល់ទីតាំងខាងលើ បានវាស់វែង កត់កំណត់ហេតុ និងនាំយកវត្ថុតាងយកមករក្សាទុកនៅស្នាក់ការ ដើម្បីបន្តនីតិវិធី ។ ចំណែកសពជនរងគ្រោះត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកបន្ទាយស្រី ខេត្តសៀមរាប ៕