រថយន្តក្រុងធ្លាក់ចូលទឹក ឆក់យកជីវិតមនុស្សចំនួន១៣នាក់ និងរងរបួសចំនួន២៤នាក់ នៅស្ពានអូរប្រសាទ ខេត្តកំពង់ធំ
ខេត្តកំពង់ធំ ៖ សោកនាដកម្មដ៏រន្ធត់មួយ បានសម្លាប់មនុស្សចំនួន១៣នាក់ និងរងរបួសចំនួន២៤នាក់ ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ រថយន្តក្រុងពីរជាន់ បើកបុកបង្កាន់ដៃស្ពាន ធ្លាក់ចូលទឹក នៅចំណុចស្ពានអូរប្រសាទ ក្នុងភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីវេលាម៉ោងប្រមាណ២រំលងអាធ្រាត ឈានចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ។
សមត្ថកិច្ចខេត្តកំពង់ធំបានឲ្យដឹងថា ៖ ករណីរថយន្តក្រុងធុនធំពីរជាន់ ដែលបើកបរធ្វេសប្រហែសក្រឡាប់ធ្លាក់ចូលទឹកនៅស្ពានអូរប្រសាទ ក្នុងភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បណ្តាលឱ្យមនុស្សស្លាប់ចំនួន១៣នាក់ និងរបួស២៤នាក់ អាចមកពីអ្នកបើកបរស្ថិតក្នុងសភាពងងុយដេក ។ រថយន្តក្រុងមួយគ្រឿងនេះ ផ្ទុកអ្នកដំណើរ៣៧នាក់ បានក្រឡាប់ បុកបង្កាន់ដៃស្ពាន និងធ្លាក់ចូលក្នុងទឹក កាលពីម៉ោង២រំលងអាធ្រាតថ្ងៃទី២០ វិច្ឆិកា ហើយដល់ម៉ោង១០ព្រឹកនេះ សមត្ថកិច្ចបានស្ទួចរថយន្តចេញពីទឹករួចរាល់ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ៖ អ្នកនៅក្នុងរថយន្តទាំង៣៧នាក់ ក្នុងនោះមានអ្នកស្រុកក្រឡាញ់ ៦នាក់, អ្នកស្រុកពួក-សរសរស្តម្ភ ១៥នាក់ អ្នកមកពីអូរស្មាច់១៤នាក់ និងតៃកុងឡាន២នាក់ ។
បច្ចុប្បន្ន សាកសពទាំង១៣នាក់ ត្រូវបាននាំយកទៅតម្កល់ទុកនៅវត្តកកោះ ឃុំកកោះ ស្រុកសន្ទុក ដើម្បីធ្វើការកំណត់អត្តសញ្ញាណ និងប្រគល់ជូនក្រុមគ្រួសារ ខណៈសមត្ថកិច្ចកំពុងបន្តស៊ើបអង្កេតលម្អិតបន្ថែម ៕

