UPDATE៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់ នៅជប៉ុន អ្នកស្លាប់កើនដល់៩២នាក់ និង២៤២នាក់បាត់ខ្លួន

ប្រភព៖ AFP

តូក្យូ៖ តួលេខអ្នកស្លាប់ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ បានវាយប្រហារចំ​តំបន់ភាគកណ្តាលប្រទេសជប៉ុន កាលពីថ្ងៃចូលឆ្នាំសកលកន្លងទៅ បានបន្តកើនដល់ ៩២នាក់ ខណៈអ្នកបាត់ខ្លួនក៏បាន កើនដល់ ២៤២នាក់ផងដែរ។

ក្រុមមន្ត្រីនៅក្នុងប្រទេសជប៉ុន នៅព្រឹកថ្ងៃសុក្រ ទី៥ ខែមករានេះបានឱ្យដឹងថា គិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍ម្សិលមិញ ពោល ៧២ម៉ោងក្រោយគ្រោះរញ្ជួយដី ស្ត្រីចំណាស់ ២នាក់បាននៅរស់រានមានជីវិត និងត្រូវបាន ក្រុមអ្នកជួយសង្រ្គោះទាញចេញពីគំនរបែកបាក់នៃផ្ទះរបស់ពួកគេដែលបានបាក់រលំ នៅក្នុងទីក្រុង Wajima ដែលជាទីក្រុងមួយរងគ្រោះធ្ងន់ធ្ងរ ជាងគេដោយសារគ្រោះរញ្ជួយដី។

តាមអាជ្ញាធរជប៉ុន មនុស្សយ៉ាងហោច ៣៣០នាក់បានរងរបួស។ ចំណែកប្រជាជន ៣០,០០០គ្រួសារកំពុងគ្មានអគ្គិសនីប្រើប្រាស់ ជាពិសេស នៅក្នុងខេត្ត Ishikawa ហើយផ្ទះ ៨៩,៨០០ខ្នង នៅក្នុងខេត្តមួយនេះ និងតំបន់ក្បែរខាងចំនួន ២ទៀត គ្មានទឹកប្រើប្រាស់គ្រប់គ្រាន់ ខណៈ ទំហំនៃការខូចខាតកំពុងស្ថិតក្រោមការវាយតម្លៃនៅឡើយ

សូមជម្រាបថា គ្រោះរញ្ជួយដីខ្លាំងៗបន្តបន្ទាប់គ្នា ក្នុងនោះរួមមានទាំងកម្រិត៧.៦រ៉ិចទ័រ បានវាយប្រហារជប៉ុន កាលពីថ្ងៃចន្ទសប្តាហ៍នេះ។ គិតចាប់តាំងពីពេលនោះ ជប៉ុនបានកត់ត្រាការកើតមានរំញ័រ សរុបយ៉ាងហោច១៥៥លើក៕

អត្ថបទពាក់ព័ន្ធ
Leave A Reply

Your email address will not be published.