អ៊ីស្រាអែល បង្កើនការវាយប្រហារទូទាំងតំបន់ហ្កាហ្សា
ហ្កាហ្សា៖ អ៊ីស្រាអែលបានបង្កើនការវាយប្រហារនៅទូទាំងតំបន់ហ្កាហ្សា ខណៈអ្នកប្រយុទ្ធហាម៉ាសលេចមុខជាថ្មីនៅភាគខាងជើងជាមួយការបង្គាប់ជាថ្មីឱ្យជនស៊ីវិលប៉ាឡេស្ទីនជម្លៀសខ្លួនចេញពីតំបន់ភាគខាងជើង ដោយព្រមានថាពួកគេកំពុងស្ថិតនៅក្នុងតំបន់ប្រយុទ្ធដ៏គ្រោះថ្នាក់។
នៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោក Avichay Adraee បានបង្គាប់ឱ្យជនស៊ីវិលប៉ាឡេស្ទីននៅក្នុងទីតាំងចំនួន៤ នៃទីក្រុង Beit Lahiya ភាគខាងជើងតំបន់ហ្កាហ្សា ជម្លៀសខ្លួនទៅរកទីកន្លែងចំនួន២ ដែលត្រូវបានរៀបចំសម្រាប់ជនស៊ីវិល។
ការវាយប្រហារតាមផ្លូវអាកាស និងការបាញ់ផ្លោងគ្រាប់ចេញពីរថក្រោះក៏ត្រូវបានរាយការណ៍ផងដែរនៅភាគកណ្ដាល និងភាគខាងត្បូងនៃតំបន់ហ្កាហ្សា ខណៈ ការទម្លាក់គ្រាប់បែកសាជាថ្មីរបស់អ៊ីស្រាអែលលើភាគខាងជើងនៃតំបន់ហ្កាហ្សា កើតមានឡើង៤ខែក្រោយអ៊ីស្រាអែលប្រកាសដកកងទ័ពចេញពីទីនោះ ដោយបញ្ជាក់ថា ក្រុមហាម៉ាសបានបាត់ការគ្រប់គ្រងលើតំបន់ទាំងនោះហើយ។
នៅក្នុងខែមេសានេះ អ៊ីស្រាអែលក៏បានប្រកាសដកកងទ័ពភាគច្រើនចេញពីភាគខាងត្បូងនៃតំបន់ ហ្កាហ្សាផងដែរ។ ប៉ុន្តែ កិច្ចចរចាស្វែងរកបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងនៅតែបន្តជាប់គាំង ហើយការទម្លាក់គ្រាប់បែក និងការវាយឆ្មក់ជាថ្មី របស់អ៊ីស្រាអែល លើតំបន់ដែលខ្លួនបានដកទ័ពចេញ បាន និងកំពុងបង្កការលំបាកយ៉ាងខ្លាំងដល់ជនស៊ីវិលប៉ាឡេស្ទីន ក្នុងការវិលត្រឡប់ទៅកាន់ផ្ទុះសម្បែងរបស់ ពួកគេវិញ។
ជាមួយការបង្ហាញខ្លួនសាជាថ្មីនៅភាគខាងជើងតំបន់ហ្កាហ្សា ក្រុមហាម៉ាសបាននិយាយថាអ៊ីស្រាអែលសម្រេចបានត្រឹមតែភាពអាម៉ាស និងបរាជ័យ តែប៉ុណ្ណោះនៅក្នុងប្រតិបត្តិការយោធារបស់ខ្លួន ហើយក៏បានកោតសរសើរអ៊ីរ៉ង់ផងដែរសម្រាប់ការវាយប្រហារដោយផ្ទាល់លើអ៊ីស្រាអែលកាលពីដើមខែមេសាកន្លងទៅ៕
ប្រភព៖ Reuters