ឥណ្ឌារៀបចំការបោះឆ្នោតដ៏ធំជាងគេក្នុងពិភពលោក ដោយមានម្ចាស់ឆ្នោតក្បែរ ១ពាន់លាននាក់

ញ៉ូដេលី៖ ប្រទេស​ឥណ្ឌា​កំពុង​តែ​រៀបចំ​ការ​បោះឆ្នោត​ដ៏​ធំ​ជាង​គេ​នៅ​ក្នុង​ពិភពលោក ដោយ​មាន​ប្រជាជន​ប្រមាណ ១ពាន់​លាន​នាក់​កំពុង​តែ​ត្រៀម​ខ្លួន​ទៅ​បោះឆ្នោត។

ប្រទេស​ដែល​មាន​ទីតាំង​នៅ​អាស៊ី​ភាគ​ខាង​ត្បូង​មួយ​នេះ មាន​ប្រជាជន​ប្រមាណ ១,៤ប៊ីលាន​នាក់ ហើយ​ក្នុង​នោះ​ដែរ ប្រជាជន​ដែល​មាន​សិទ្ធិ​បោះឆ្នោត​មាន​ចំនួន ៩៦៩លាន​នាក់។ ការ​បោះឆ្នោត​នេះ​ជា​ការ​បោះឆ្នោតជ្រើសរើស​តំណាងប្រជាជន​ចំនួន ៥៤៣រូបក្នុង​សភា​ជាន់​ទាប​ឥណ្ឌា ដែល​នឹង​ជ្រើសតាំង​នាយករដ្ឋមន្ត្រី​នៅ​ពេល​ក្រោយ។

ការ​បោះឆ្នោត​នេះ​ដែរ​ធ្វើ​ឡើង​ក្នុង​រយៈពេល ៥ឆ្នាំ​ម្ដង ដោយ​នៅ​ឆ្នាំ២០២៤នេះ ការ​បោះឆ្នោត​នឹង​ប្រព្រឹត្តិ​ទៅ​ក្នុង ៧ដំណាក់កាល​ចាប់​ពី​ថ្ងៃ​ទី១៩ ខែ​មេសា ដល់​ថ្ងៃ​ទី១ ខែ​មិថុនា។

នៅ​ក្នុង​ប្រទេស​ឥណ្ឌា មាន​គណបក្ស​រហូត​ដល់​ជាង ២ ៥០០បក្ស​ឯណោះ ប៉ុន្តែ​មាន​តែ ២៥បក្ស​ទេ ដែល​មាន​កៅអី​នៅ​សភា។ ជាមួយ​គ្នា​នេះ​ដែរ នៅ​ពេល​នេះ គណបក្ស​ដែល​កាន់​អំណាច​គឺ​គណបក្ស​ Bharatiya Janata (BJP) ដោយ​មាន​លោកនរិន្ទ្រ ម៉ូឌី ជា​នាយករដ្ឋមន្ត្រី។

នៅ​ក្នុង​ការ​បោះឆ្នោត​នេះដែរ គណបក្ស​នយោបាយ​នានា​នៅ​ស្រុក​ឥណ្ឌា​បាន​ប្រកួត​ប្រជែង​គ្នា​លើ​បញ្ហា​សំខាន់ៗ​មួយ​ចំនួន​រួម​មាន បញ្ហា​សេដ្ឋកិច្ច និងអតិផរណា បញ្ហា​សុខមាលភាព​សង្គម បញ្ហា​សាសនា បញ្ហា​អំពើពុករលួយ និងបញ្ហា​ពាក់ព័ន្ធ​នឹង​មុខមាត់​ឥណ្ឌា​លើ​ឆាកអន្តរជាតិ៕

អត្ថបទពាក់ព័ន្ធ