ប្រធានសភាវៀតណាម លាលែងពីតួនាទី ក្រោមហេតុផលប្រព្រឹត្តកំហុស និងអសមត្ថភាព
ហាណូយ៖ គណបក្សកុម្មុយនិស្តវៀតណាម កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានប្រកាសឱ្យដឹងថា ប្រធានសភានៃប្រទេសវៀតណាម បានសម្រេចលាលែងពីតួនាទី ក្រោមហេតុផល ដោយសារតែបានប្រព្រឹត្តកំហុស និងអសមត្ថភាព ខណៈនេះគឺជាសញ្ញាថ្មីមួយទៀត បង្ហាញឱ្យឃើញពីភាពវឹកវរផ្នែកនយោបាយរបស់ប្រទេសអាស៊ានមួយនេះ ដ្បិតប្រធានាធិបតីវៀតណាម ទើបតែត្រូវបានដកតំណែងកាលពីខែមីនា។
ការលាលែងពីតំណែងរបស់លោក Vuong នេះទៀតសោត កើតមានឡើង ក្រោយកាលពីខែមីនាកន្លងទៅ លោក Vo Van Thuong ត្រូវបានបង្ខំឱ្យលាលែងពីតំណែងជាប្រធានាធិបតី ក្រោមហេតុផលស្រដៀងគ្នា។ លោក Thuong គឺជាប្រធានាធិបតីវៀតណាមទី២ ដែលបានចុះចេញពីតួនាទី ក្នុងរយៈពេលត្រឹមតែ១ឆ្នាំប៉ុណ្ណោះ ដែលមកទល់ពេលនេះ បក្សកុម្មុយនិស្តវៀតណាម មិនទាន់តែងតាំងប្រធានាធិបតីថ្មី នៅឡើយទេ។
ប្រធានសភាវៀតណាម លោក Vuong Dinh Hue កន្លងមក ត្រូវគេមើលឃើញថា អាចជាបេក្ខជនបន្តវេនជា អគ្គលេខាធិការរបស់គណបក្សកុម្មុយនិស្តវៀតណាម ដែលជាតំណែងមានអំណាចធំបំផុត។ តួនាទីរបស់លោកជាប្រធានសភា ត្រូវបានចែងថាស្ថិតក្នុងចំណោមសសរស្តម្ភទាំង៤នៃថ្នាក់ដឹកវៀតណាម។
ក្នុងសេចក្តីថ្លែងការណ៍ប្រកាសពីការលាលែងរបស់លោក Vuong គណបក្សកុម្មុយនិស្តវៀតណាម បាននិយាយថាការប្រព្រឹត្តខុសឆ្គង និងការខ្វះសមត្ថភាព របស់សមមិត្ត Vuong Dinh Hue បានធ្វើឱ្យសាធារណមតិមានភាពអវិជ្ជមាន ហើយប៉ះពាល់ដល់មុខមាត់របស់បក្ស របស់ប្រទេស ក៏ដូចជារបស់ខ្លួនលោកផ្ទាល់៕