ម៉ាកយីហោ​ហាង​កាហ្វេល្បី​របស់​ថៃចំនួន​ពីរ ចាប់ផ្ដើមត្រលប់ទៅស្រុក​វិញ ក្រោយល្បីនៅកម្ពុជា​បានមួយឆាវ

ភ្នំពេញ ៖ កាលពីប្រមាណ៦ទៅ​៧​ឆ្នាំមុន ម៉ាកយីហោ​កាហ្វេ​របស់​ប្រទេសថៃ ចំនួន​២​​ឃើញ​ថាទទួល​បាន​ការ​គាំ​ទ្រ​ពីប្រជាពលរដ្ឋ​កម្ពុជា​ ហើយ​​ហាងកាហ្វេ​ទាំង​ពីរ​យីហោ​នេះ ក៏មានការពង្រីក​សាខា​ជាច្រើនកន្លែង​ទាំង​ក្នុង​រាជធានីភ្នំពេញ និ​ងបណ្ដាខេត្តសក្ដានុពល ។ ប៉ុន្តែមកដល់​បច្ចុប្បន្ននេះ ហាង​កាហ្វេ​ទាំងពីរយីហោ​នេះ​បានត្រលប់ទៅប្រទេសថៃវិញស្ទើរតែអស់ទៅហើយ​ គឺលែងមានវត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​បន្ត​ទៀត​ឡើយ ។

ហាង​កាហ្វេ​ដែល​បងប្អូន​​ឃើញ​បើកសាខា​ច្រើន​នៅភ្នំពេញ ​និង​បណ្ដាខេត្តគឺ​ហាង​ Coffee Today ។ ហាង​កាហ្វេ​មួយនេះ​ ចាប់​ផ្ដើម​​ចូលមកកាន់ទីផ្សារ​ប្រទេស​កម្ពុជា​ក្នុងអំឡុង​ឆ្នាំ ២០១៦ ឬ​២០១៧  ហើយកាលនោះ អាជីវករ​កម្ពុជាជាច្រើន​​បាន​នាំ​គ្នា​ទិញ​ ហ្វ្រេន​ឆាយ ឬទិញសិទ្ធិអាជីវកម្ម​លក់បន្ត​យ៉ាងព្រោតព្រាត ជាក់ស្ដែង​នៅ​ភ្នំពេញ កាលនៅអំឡុងឆ្នាំ ២០១៧ ដល់​២០​២០​ ហាង​កាហ្វេ​មួយ​រីក​ដូច​ផ្សិត តែមកដល់ពេលនេះ ស្ទើរ​តែ​លែ​​ង​មាន​ទៅហើយ​ ដោយម្ចាស់ទីតាំង​កាហ្វេ​បាន​បិទ និង​ប្តូរ​យីហោ​កាហ្វេ​ផ្សេងបាត់ទៅហើយ ។ ​

ហាង​កាហ្វេ​ល្បីមួយទៀត កាលក្នុងអំឡុងពេលដូចគ្នា​នេះដែរ​ ហាងកាហ្វេ​យីហោ​ Arabitia ( អារ៉ាប៊ីធា ) ដែលជាប្រែនរ​បស់​​ប្រទេសថៃ និ​ងបើក​សាខា​យ៉ាងច្រើននៅក្នុង​រាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត​ ។​កាល​នោះ ហាងកាហ្វេមួយនេះ ក៏​ទទួល​​បានការគាំទ្រ​យ៉ាង​ច្រើនពី ប្រជាពលរដ្ឋ​កម្ពុជា​ដែរ ប៉ុន្តែមិនដឹង​យ៉ាង​ម៉េច​ហាង​កាហ្វេ​មួយនេះ ក៏មាន​វាស​នា​ដូច​នឹង​ កា​ហ្វេ​​ធូដេយ៍ ដែរ ពោលគឺ​បានត្រលប់ទៅ​ស្រុក​កំ​ណើត​​​​ដើម​វិញ​ហើយ ។​

ជាការកត់សម្គាល់​យីហោ​ហាង​កាហ្វេ​ទាំងពីរ​នេះ ចាប់ផ្ដើមបិទសាខាជា​បន្តបន្ទាប់នៅក្នុងអំឡុងវិបត្តិ​កូវីដ​១៩ ពោលគឺ នៅក្នុងពេល​រដ្ឋាភិបាលដាក់វិធានការ​ទប់ស្កាត់​កា​ររីករាលដាល​នៃជំងឺកូវីដ​១៩​ ដោយ​ឱ្យ​ម្ចាស់​អាជី​វ​កម្ម​ហាង​កាហ្វេ​លក់​សម្រាប់តែវេចខ្ចប់​ ដោយមិនអនុញ្ញាតឱ្យភ្ញៀវចូល​អង្គុយពីសា​ក្នុង​ហាង​ឡើយ ព្រោះ​ខ្លា​ច​ឆ្ល​ង​ជំងឺកូវីដ​១៩​ ។​ម្ចាស់ហាង​ដែលមិនមានទុនគ្រប់គ្រាន់​បើបិទ​អាជីវកម្ម​ភ្លាមៗ តែម្ចាស់ហាង​ដែលមានទុន​អាចទប់ទល់​បានរហូតដល់ចប់កូវីដ​១៩ ហើយក៏ចាប់ផ្ដើម​បិទ ហាង​ជា​បន្តបន្ទាប់ទៀត​ក្រោយវិបត្តិ​បានឆ្លង​ផុត និ​ងចូលមក​ដល់​វិបត្តិ​សេដ្ឋកិច្ចសកល​  ៕

អត្ថបទពាក់ព័ន្ធ