សមត្ថកិច្ចក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យ២នាក់បងប្អូន ក្រោយកាប់មកលើជនរងគ្រោះម្នាក់ បណ្តាលរងរបួសធ្ងន់ នៅកន្លែងវង់ផឹកស៊ីចាក់ធុងបាស ក្នុងភូមិមណ្ឌល៣

ខេត្តសៀមរាប ៖ កម្លាំងនគរបាលក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យ ២នាក់បងប្អូន ពាក់ព័ន្ធនឹងករណីហិង្សាមានស្ថានទម្ងន់ទោស ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ ត្រូវថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។

ប្រតិបត្តការចុះបង្រ្កាបនេះ ដោយមានការចង្អុលដឹកនាំពីលោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់លោក វរសេនីយ៍ឯក ដា ចំរេីន អធិការនគរបាលក្រុងសៀមរាប សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ៖

ជនសង្ស័យទី១ ឈ្មោះ ឯក ង៉ែត ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរលក់នំ មានស្រុកកំណើតនៅស្រុកកំពង់សោម ខេត្តព្រះសីហនុ បច្ចុប្បន្ននៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប “ប្រវត្តិទោសគ្មាន” ។

និងជនសង្ស័យទី២ ឈ្មោះ ឯម ប៊ន ភេទប្រុស អាយុ៤១ឆ្នាំមុខុរបរកម្មករ មានស្រុកកំណើតនៅ ស្រុកកំពង់សោម ខេត្តព្រះសីហនុ បច្ចុប្បន្ននៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប “ប្រវត្តិទោសគ្មាន” ។

ចំណែកជនរងគ្រោះ ឈ្មោះ ផុន រក្សា (ជនរងគ្រោះ) ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។

តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ៖ នៅថ្ងៃខែកើតហេតុខាងលើ ឈ្មោះ ផុន រក្សា ជាជនរងគ្រោះ បានទៅចូលរួមកម្មវិធីផឹកស៊ីនៅផ្ទះមិត្តភ័ក្ក ស្ថិតនៅក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប កន្លែងកើតហេតុក្នុងកម្មវិធីនោះមានចាក់ភ្លេងកំដរ ។

ក្នុងខណៈនោះ ឈ្មោះ ឯម ប៊ន (ជនសង្ស័យ) ដែលមាននៅផ្ទះក្បែរគ្នា បានដើរសំដៅទៅកន្លែងផឹកស៊ីខាងលើ ហើយក៏មានការឈ្លោះប្រកែកគ្នាជាមួយ ឈ្មោះ ផុន រក្សា (ជនរងគ្រោះ) ពេលនោះឈ្មោះ ឯម បាវ ភេទប្រុស អាយុ៧១ឆ្នាំ ដែលត្រូវជាឪពុករបស់ ឈ្មោះ ឯម ប៊ន (ជនសង្ស័យ) បានដើរទៅឃាត់កូនរបស់ខ្លួន (ឈ្មោះ ឯម ប៊ន) ពេលនោះ ឈ្មោះ ឯម ប៊ន (ជនសង្ស័យ) មិនស្តាប់ការហាមឃាត់របស់ឪពុក ហើយយកដៃខាងស្តាំរបស់ខ្លួនវ៉ៃទៅលើការ៉ូថ្ម បណ្តាលឧ្យដាច់រលាត់ហូរឈាម ឃើញដូច្នេះ ឈ្មោះ ឯម បាវ ដែលត្រូវជាឪពុក ក៏បានដួលសន្លប់ទៅលើដីភ្លាមៗ ហើយឈ្មោះ ឯម ប៊ន (ជនសង្ស័យ) ក៏បានជួយធ្វើចលនាតែមិនកម្រើក ក៏ត្រូវបងប្អូនជនសង្ស័យ ដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តសៀមរាប តែត្រូវបានដាច់ខ្យល់ស្លាប់តាមផ្លូវមុនទៅដល់មន្ទីរពេទ្យ ។

ក្នុងស្ថានភាពនោះ ឈ្មោះ ឯម ប៊ន (ជនសង្ស័យ) បានយំសោករៀបរាប់ដង្ហោយរកគេជួយ និងអាណិតឪពុក ខណៈនោះឈ្មោះ ផុន រក្សា (ជនរងគ្រោះ) ឃើញស្ថានភាពបែបនោះ បានដើរចេញមកក្រៅផ្ទះ (ទីតាំងផឹកស៊ី) ក៏ត្រូវបាន ឈ្មោះ ឯម ង៉ែត (ជនសង្ស័យ) ដែលត្រូវជាប្អូនឈ្មោះ ឯម ប៊ន (ជនសង្ស័យ) បានរត់ដេញតាមឈ្មោះ ផុន រក្សា (ជនរងគ្រោះ) ដោយក្នុងដៃមានកាន់កាំបិត ក្នុងពេលនោះឈ្មោះ ផុន រក្សា (ជនរងគ្រោះ) ក៏បានដួល ហើយឈ្មោះ ឯម ង៉ែត (ជនសង្ស័យ) បានធ្វើសកម្មភាព កាប់ទៅលើឈ្មោះ ផុន រក្សា (ជនរងគ្រោះ) ជាច្រើនកាំបិត បណ្តាលឲ្យដាច់រយះកែងដៃខាងស្តាំ ជង្គង់ខាងស្តាំ និងខ្នង បណ្តាលឲ្យហូរឈាមជាខ្លាំង ក្រោយពីធ្វើសកម្មភាពហើយជនសង្ស័យឈ្មោះឯម ង៉ែត បានគេចខ្លួន ហើយជនសង្ស័យឈ្មោះ ឯម ប៊ន (ជនសង្ស័យ) ក៏បានដើរមករកជនរងគ្រោះ រួចក៏ធ្វើសកម្មភាពទាត់ធាក់លើ ឈ្មោះ ផុន រក្សា (ជនរងគ្រោះ) បន្ថែមផងដែរ ។

ក្រោយពីទទួលបានសេចក្តីរាយការណ៍ សមត្ថកិច្ចបានចុះទៅអន្តរាគមន៍ ដោយយកឈ្មោះ ផុន រក្សា (ជនរងគ្រោះ) ទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ហើយក៏បានឃាត់ជនសង្ស័យខាងលើទាំងពីរនាក់យកមកធ្វើការសួរនាំ នៅអធិការដ្ឋាននគរបាលក្រុងសៀមរាប បន្ទាប់ពីសួរនាំជនសង្ស័យឈ្មោះ ឯម ង៉ែត បានឆ្លើយសារភាពថាខ្លួនពិតជាបានកាប់ទៅលើឈ្មោះ ផុន រក្សា ដូចការរៀបរាប់ខាងលើពិតមែន ដោយមូលហេតុខ្លួន ស្មានថាជនរងគ្រោះ បានវ៉ៃបងរបស់ខ្លួនឈ្មោះ​ ឯម ប៊ន ។ រីឯជនសង្ស័យឈ្មោះ ឯម ប៊ន ខ្លួនក៏បានសារភាពថាខ្លួនពិតជាមានជម្លោះ និងទាត់ជនរងគ្រោះពិតមែន ។

វត្ថុតាងសមត្ថកិច្ចបានធ្វើការដកហូតមាន ៖ កាំបិតកែច្នៃចំនួន០១ដើម ធ្វើអំពីដែកដងឈើ ប្រវែង៥២ស.ម ។

ជនសង្ស័យទាំងពីរនាក់ខាងលើ បច្ចុប្បន្នសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

អត្ថបទពាក់ព័ន្ធ
Leave A Reply

Your email address will not be published.