សង្វេគណាស់.! កុមារីអាយុ៥ឆ្នាំម្នាក់ត្រូវជនល្មើសត្រូវជាពូសាច់ថ្លៃចាប់ជំរិតរហូតដល់ស្លាប់នៅខេត្តកណ្ដាល
យោងតាមការបញ្ជាក់របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា មានករណីចាប់ជំរិតកុមារីអាយុ៥ឆ្នាំម្នាក់រហូតបណ្ដាលឱ្យជនរងគ្រោះស្លាប់បាត់បង់ជីវិត នៅឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ០៨៖៣០នាទី។ កុមារីរងគ្រោះត្រូវបានជនល្មើសចាប់ជំរិត និងធ្វើទារុណកម្មរហូតដល់ស្លាប់នៅនឹងទីតាំងផ្ទះរបស់ជនដៃដល់តែម្ដង។

ជនរងគ្រោះមានឈ្មោះ រតនា ម៉េងស៊ីម ភេទស្រី អាយុ៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅក្នុងបន្ទុក មានទីលំនៅភូមិកំពង់សំណាញ់ទី១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ជនរងគ្រោះជាកុមារីអាយុ៥ឆ្នាំដដែលនេះ មានឪពុកឈ្មោះ ទេព រតនា អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ និងម្ដាយឈ្មោះ ជឿន ស៊ីនួន ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរមុខរបរលក់ដូរ និងមានទីលំនៅភូមិកំពង់សំណាញ់ទី១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

យោងតាមរបាយការណ៍របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបញ្ជាក់ថា គ្រួសារជនរងគ្រោះជារៀងរាល់ថ្ងៃសៅរ៍ អាទិត្យ តែងតែនាំគ្នាទៅលេស្រុកកំណើតនៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ទើបបានជាជនសង្ស័យមានឱកាសធ្វើសកម្មភាពទៅលើជនរងគ្រោះតែម្តង។

ដោយឡែក ជនដៃដល់ដែលជាជនល្មើសមានឈ្មោះ គីម វណ្ណា ភេទប្រុស អាយុ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ត្រូវជាពូសាច់ថ្លៃ ហើយក្រោយតេស្តទឹកនោមរកសារធាតុញៀនជនដៃដល់នេះមានលទ្ធផលអវិជ្ជមានសារធាតុញៀន។ ចំពោះវត្ថុតាងដែលសមត្ថកិច្ចបង្រ្កាបបានរួមមាន៖ ទៅទី១.ទូរសព្ទដៃ១គ្រឿងម៉ាក Nokia (អិនចុចពិល) ពណ៌ខៀវ។ ទី២.ទូរសព្ទដៃ ០១គ្រឿងម៉ាក OPPO ពណ៌ខ្មៅ (ជារបស់ជនសង្ស័យ)។

គួរជម្រាបថា នៅចំពោះមុខសមត្ថកិច្ចជនសង្យ័យឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពតែម្នាក់ឯង ចាប់ ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ចាប់ជំរិតបណ្តាលឱ្យជនរងគ្រោះស្លាប់) ពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
អត្ថបទ៖ សីហា

