លោក លី សាម៉េត ហៅគ្រូមា បានទទួលមរណភាពនៅក្នុងពន្ធនាគារព្រៃសដោយសារគាំងបេះដូង

លោក លី សាម៉េត ហៅគ្រូមា ដែលមហាជនបានស្គាល់ថា ជាមេឆបោកដ៏ល្បីម្នាក់កាលពីឆ្នាំ២០២៤ បានទទួលមរណភាពហើយនៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦នេះ ដោយលោកត្រូវបានសន្និដ្ឋានថា ស្លាប់ដោយសារការគាំងបេះដូង។ នេះបើតាមការបញ្ជាក់របស់លោក ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានប្រាប់បណ្តាញព័ត៌មានក្នុងស្រុក នៅរសៀលថ្ងៃទី០៦ ខែឧសភានេះ។

គួររម្លឹកថា លោក លី សាម៉េត ត្រូវបានសាលាដំបូងរាជធានីភ្នំពេញបានសម្រេចកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឃុំខ្លួនឈ្មោះ លី សាម៉េត ពីបទឆបោកដែលប្រព្រឹត្តិនៅភ្នំពេញកាលពីខែកញ្ញា និងខែតុលា ឆ្នាំ ២០២២ តាមមាត្រា ៣៧៧ និង៣៧៨ នៃក្រមព្រហ្មទណ្ឌ។ ការសម្រេចដូចនេះធ្វើឡើង បន្ទាប់ពីលោក លី សាម៉េត ហៅគ្រូមា ត្រូវបាននាំខ្លួនដោយសមត្ថកិច្ចនៅថ្ងៃទី៤ ខែវិច្ឆិកា ពោលតែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយការបញ្ជារបស់ លោក ហ៊ុន សែន ដែលបានទាត់ចោលនូវការសារភាពកំហុស និងការសុំទោសរបស់ លោក លី សាម៉េត។

នៅក្នុងដីកាបង្គាប់ឱ្យឃុំខ្លួន ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបានបង្គាប់ឲ្យសមត្ថកិច្ចឃុំខ្លួនឈ្មោះ លី សាម៉េតនៅមណ្ឌលអប់រំកែប្រែទី១(ម១) ឲ្យបានត្រឹមត្រូវតាមច្បាប់។ តាមដីកាដដែលនេះ ឈ្មោះ លី សាម៉េតមានមុខរបរជាអ្នករកស៊ី និងមានកម្រិតវប្បធម៌ដាក់ថា «មិនចេះអក្សរ»។ តែអស់រយៈច្រើនឆ្នាំកន្លងទៅនេះ លោកលី សាម៉េតតែងតែប្រើប្រាស់តួនាទីជាទីប្រឹក្សាលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងតែងតែប្រើប្រាស់គោរមងារជាអ្នកឧកញ៉ាបណ្ឌិត លី សាម៉េត នៅតាមវេទិកាសាធារណៈ។

កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានសរសេរសារនៅលើទំព័រហ្វេសប៊ុករបស់លោកថា លោក លី សាម៉េត (គ្រូមា) បានប្រើឈ្មោះរបស់លោកទៅបោកប្រាស់លុយគេរាប់សែន រាប់លានដុល្លារ។ ក្នុងនោះ ប្រមុខបក្សគណបក្សប្រជាជនកម្ពុជាក៏បានលើកឡើងចំៗលើករណីអភិបាលស្រុកល្វាឯម លោក កន សុខកាយដែលបានផ្តល់ប្រាក់ ៣០ម៉ឺនដុល្លារឲ្យលោកលី សាម៉េតដើម្បីរត់ការទទួលបានតំណែងជាអភិបាលក្រុងអរិយក្សត្រ។

នៅក្នុងសារដដែល លោក ហ៊ុន សែន បានប្រាប់សមត្ថកិច្ចឲ្យចាត់វិធានការលើ លោក លី សាម៉េត តាមផ្លូវច្បាប់ ហើយ លោក កន សុខកាយក៏ត្រូវបាននាយករដ្ឋមន្រ្តីលោក ហ៊ុន ម៉ាណែត ដកតំណែងពីអភិបាលស្រុកល្វាឯមភ្លាមៗដែរ។ គឺទើបនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ពោលជិត១ខែក្រោយមកទើបលោក លី សាម៉េត បានចេញវីដេអូសារភាពកំហុសរបស់ខ្លួន និងសុំទោស លោក ហ៊ុន សែន។ តែក្នុងពេលជាមួយគ្នានោះ លោក ហ៊ុន សែន បានទាត់ចោលការសុំទោសនេះ និងបញ្ជាឲ្យសមត្ថកិច្ចនាំខ្លួនលោកលី សាម៉េតទៅកាន់តុលាការតាមនីតិវីធីច្បាប់។

បើតាមអតីតនាយករដ្ឋមន្ត្រីកម្ពុជា ករណីឆបោករបស់ លោក លី សាម៉េត គឺមានជាប់ពាក់ព័ន្ធគ្នានឹងករណី លោក ដួង តារា អតីតជំនួយការ និងជាអ្នកធ្លាប់កាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ហ៊ុន សែន។ លោក ដួង តារា ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅតុលាការកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២៤ និងបន្ទាប់មកត្រូវបានឃុំខ្លួនពីបទឆបោកតាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌដូចការចោទប្រកាន់លើ លោក លី សាម៉េត ដែរ។ គួរបញ្ជាក់ថានាពេលកន្លងមក លោក លី សាម៉េត និង លោក ដួង តារា តែងតែធ្វើជាតំណាងឲ្យ លោក ហ៊ុន សែន ក្នុងការរៀបចំទទួលសមាជិកបក្សប្រឆាំងដែលទៅចុះចូលជាមួយគណបក្សកាន់អំណាច៕

អត្ថបទ៖ សីហា

អត្ថបទពាក់ព័ន្ធ
Leave A Reply

Your email address will not be published.